អ្នកនំាពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃអង្គារនេះថា កិច្ចចរចាររុស្ស៊ី-សហរដ្ឋអាមេរិកនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត អាចនឹងផ្តល់ភាពច្បាស់លាស់បន្ថែមទៀតលើលទ្ធភាពនៃជំនួបរវាងលោក Vladimir Putin និងលោក Donald Trump ប៉ុន្តែនៅមិនទាន់មានការដឹងច្បាស់នៅឡើយទេចំពោះសំនួរមួយនេះ ។
លោក Peskov បានលើកឡើងម្តងទៀតថា លោកប្រធានាធិបតី Putin តែងតែនិយាយថា រុស្ស៊ីត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំស្វែងរកសន្តិភាព ។
លោក Peskovនិយាយថា គ្មានការដឹងច្បាស់នោះទេពីពេលវេលាដែលជំនួបរវាងលោក Putin និងលោក Trumpអាចនឹងកើតឡើងនោះ ហើយអាចនឹងមានការប៉ាន់ស្មានមួយ ដោយផ្អែកលើលទ្ធផលនៃជំនួបនៅថ្ងៃនេះ ។
នៅថ្ងៃអង្គារនេះ ក្រុមមន្រ្តីសហរដ្ឋអាមេរិក និងក្រុមមន្រ្តីរុស្ស៊ី បានជួបគ្នាក្នុងទីក្រុង Riyadh របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់បំផុតមកទល់នឹងពេលនេះ រវាងអតីតបច្ចាមិត្តសង្រ្គាមត្រជាក់ទាំង ២ លើការបញ្ចប់សង្រ្គាមនៅប្រទេសអ៊ុយក្រែន ។
គេរំពឹងថា ពួកគេនឹងពិភាក្សាលើវិធីសាស្រ្តបញ្ចប់ជម្លោះរយៈពេល ៣ឆ្នាំនៅក្នុងប្រទេសអ៊ុយក្រែន ហើយនិងស្តារឡើងវិញទំនាក់ទំនងអាមេរិក-រុស្ស៊ី ៕