ស្នងការសហភាពអឺរ៉ុប (EU) លោក Valdis Dombrovskis នៅថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) បាននិយាយថា គណៈកម្មការអឺរ៉ុប បានត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការយ៉ាងឆាប់រហ័ស ពាក់ព័ន្ធនឹងសំណើបន្ធូរបន្ថយច្បាប់ថវិកា ដើម្បីជួយសម្រួលដល់ការបង្កើនការចំណាយលើវិស័យការពារជាតិរបស់រដ្ឋជាសមាជិក។
នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ EU នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Dombrovskis បាននិយាយថា៖ «វាច្បាស់ណាស់ថា យើងត្រូវចាត់វិធានការឲ្យបានលឿន ទាក់ទងនឹងការចំណាយរបស់រដ្ឋជាសមាជិក និងភាពបត់បែនបន្ថែមទៀត។ យើងរំពឹងថា នឹងធ្វើការលើបែបបទផ្សេងៗ នៅប៉ុន្មានសប្ដាហ៍ខាងមុខ ដើម្បីឲ្យយើងត្រៀមខ្លួនចាត់វិធានការឲ្យបានលឿន»។
ប្រធានគណៈកម្មការ EU លោកស្រី Ursula von der Leyen បាននិយាយកាលពីសប្តាហ៍មុនថា គណៈកម្មាការ នឹងស្នើការលើកលែងវិស័យការពារជាតិ ពីការកំណត់របស់ EU ស្ដីអំពីការចំណាយរបស់រដ្ឋាភិបាល ចំពេលមានសម្ពាធពីប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីឲ្យអឺរ៉ុបផ្តល់ហិរញ្ញប្បទានដល់វិស័យការពារជាតិរបស់ខ្លួន។
លោកស្រី Von der Leyen បាននិយាយថា ការដកការរឹតបន្តឹងលើការចំណាយផ្នែកយោធា នឹងអនុវត្តតាមភាពសមហេតុផល ដូចនឹងការដកចេញនូវការកម្រិតការខ្ចីប្រាក់ អំឡុងជំងឺរាតត្បាតកូវីដ-១៩។ មិនទាន់មានរដ្ឋាភិបាលអ៊ឺរ៉ុបទាំងអស់គាំទ្រគំនិតនេះនៅឡើយទេ ដោយប្រទេសទាំងនោះលើកហេតុផលថា ការអនុវត្តពិសេស សម្រាប់វិស័យការពារជាតិ មាននៅក្នុងច្បាប់រួចហើយ៕