បាល់ទាត់៖ កីឡាការិនីបាល់ទាត់អូស្ត្រាលី Sam Kerr បានបន្តកិច្ចសន្យា ២ឆ្នាំបន្ថែមទៀតជាមួយក្រុមបាល់ទាត់ស្ត្រី Chelsea ដែលនឹងរក្សារូបគេនៅ Stamford Bridge ដល់ឆ្នាំ២០២៤។ កីឡាការិនីវ័យ ២៨ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ៣៩គ្រាប់ក្នុងការបង្ហាញខ្លួន ៤៧ប្រកួតឱ្យ Chelsea តាំងពីការមកដល់នៅខែវិច្ឆិកាចុងឆ្នាំ២០១៩។

Sam Kerr បានឈ្នះជើងឯកលីគបាល់ទាត់ស្ត្រីកំពូលរបស់អង់គ្លេស ២រដូវកាលជាប់គ្នាជាមួយ Chelsea ផងដែរ។ ក្នុងរយៈពេលនៅអង់គ្លេសនេះ Sam Kerr ថែមទាំងជួយក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រពានស្ត្រី Champions League និងឈ្នះជើងឯក League Cup ២លើកផងដែរ។ កិច្ចសន្យាថ្មីនៅ Chelsea នេះនឹងធ្វើឱ្យ Sam Kerr ក្លាយជាកីឡាការិនីដែលទទួលបានឈ្នួលច្រើនបំផុតម្នាក់។ Sam Kerr ក៏ស្ថិតក្នុងបញ្ជីកីឡាការិនី ២០នាក់ដែលនឹងអាចឈ្នះពានកីឡាការិនីឆ្នើមបំផុតប្រចាំឆ្នាំ Ballon d’Or ២០២១ នេះដែរ។ រដូវកាលមុន Sam Kerr ស៊ុតបញ្ចូលទីបាន ២១គ្រាប់ក្នុងការបង្ហាញខ្លួន ២២ប្រកួតក្នុងលីគឈ្នះស្បែកជើងមាស ខណៈរដូវកាលនេះរកបាន ៦គ្រាប់បញ្ជូន ២ ក្រោយលេងបាន ៧ប្រកួត៕
អត្ថបទ៖នាង សុភាវុធ