នៅថ្ងៃអង្គារនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa បានស្វាគមន៍ប្រេសិតពិសេសអាមេរិកប្រចាំនៅប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ីលោក Keith Kellogg នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ។
ជំនួបនេះ បានកើតឡើង ក្រោយកិច្ចប្រជុំមុននេះ របស់លោក Kelloggជាមួយប្រធានគណកម្មការអឺរ៉ុបលោកស្រី President Von der Leyen ហើយនិងជំនួបបន្ទាន់នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃចន្ទ ជាទីដែលក្រុមមេដឹកនាំអឺរ៉ុបប្រហែល ១០នាក់ បានជួបជុំគ្នាពិភាក្សាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិកលើអ៊ុយក្រែន និងកិច្ចប្រជុំដ៏មានសក្តានុពលក្នុងការបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំជាមួយប្រទេសជិតខាងរុស្ស៊ី ។
គួរឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបនៅអង្គការណាតូ និងអ៊ុយក្រែនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលលោកប្រកាសថា លោកមាននូវការជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយពុំបានពិគ្រោះយោបល់ជាមុនជាមួយពួកគេ ហើយនិងចាប់ផ្តើមដំណើរការសន្តិភាព ។
នៅថ្ងៃអង្គារនេះដែរ ក្រុមមន្រ្តីសហរដ្ឋអាមេរិក និងក្រុមមន្រ្តីរុស្ស៊ី បានជួបគ្នាក្នុងទីក្រុង Riyadh របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់បំផុតមកទល់នឹងពេលនេះ រវាងអតីតបច្ចាមិត្តសង្រ្គាមត្រជាក់ទាំង ២ លើការបញ្ចប់សង្រ្គាមនៅប្រទេសអ៊ុយក្រែន ៕