រដ្ឋមន្រ្តីការពារជាតិចក្រភពអង់គ្លេសលោក John Healey បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ការធានាសន្តិសុខជូនអ៊ុយក្រែន នៅក្នុងសុន្ទរកថាមួយនៅទីក្រុងឡុងដ្រ៍នាថ្ងៃអង្គារនេះ ។
ថ្លែងនៅវិទ្យាស្ថានរដ្ឋាភិបាល លោក Healey បានទទួលស្គាល់ថា បណ្តាប្រទេសអឺរ៉ុប ត្រូវការចំណាយបន្ថែមទៀតលើវិស័យការពារ ប៉ុន្តែការគាំទ្ររបស់សហរដ្ឋអាមេរិកត្រូវការ ដើម្បីការពារការវាយប្រហារបន្ថែមទៀតរបស់រុស្ស៊ី ។
លោកថា ប្រទេសអឺរ៉ុប ត្រូវតែរួមចំណែកឈានមុខគេ ប៉ុន្តែពួកយើងត្រូវការការគាំទ្រពីសហរដ្ឋអាមេរិក ពីព្រោះថានៅទីបញ្ចប់មានតែសហរដ្ឋអាមេរិកមួយគត់ដែលអាចរារាំងលោក Putin ការពារលោកមិនឲ្យវាយប្រហារម្តងទៀត ។
លោក Healey ថ្លែងបែបនេះ ស្របពេលក្រុមមន្រ្តីសហរដ្ឋអាមេរិក និងរុស្ស៊ី ជួបគ្នានៅថ្ងៃអង្គារនេះ ក្នុងទីក្រុង Riyadh របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត សម្រាប់កិច្ចប្រជុំលើកដំបូងរបស់ពួកគេ លើការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈទីក្រុងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ពួកគេ ឃ្លាំមើលយ៉ាងអន្ទះសារពីខាងក្រៅ ។
កិច្ចប្រជុំនៅរាជធានីរបស់អារ៉ាប៊ីសាអ៊ូឌីតមួយនេះ គូសបញ្ជាក់ផងដែរពីជំហានយ៉ាងឆាប់រហ័សនៃកិច្ចខិតខំរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ឈប់ជម្លោះ រយៈពេលតិចជាង ១ខែ ក្រោយលោកប្រធានាធិបតី Donald Trump ឡើងកាន់អំណាច និងរយៈពេល ៦ថ្ងៃ ក្រោយរូបលោកជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ៕