ប្រេសិតពិសេសរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ(UN)លោក Vasily Nebenzya បាននិយាយថា អ៊ុយក្រែនបាត់បង់តំបន់គ្រីមៀមិនអាចយកត្រឡប់មកវិញបានឡើយ និងតំបន់ ៤ផ្សេងទៀតដែលបានគ្រប់គ្រងដោយផ្នែកដោយរុស្ស៊ី ។
លោក Nebenzya បានថ្លែងបែបនេះ នៅជំនួបក្រុមប្រឹក្សាសន្តិសុខ UN រយៈពេល ១ថ្ងៃមុនជំនួបរវាងក្រុមមន្រ្តីសហរដ្ឋអាមេរិក និងក្រុមមន្រ្តីរុស្ស៊ី នៅរាជធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមានគោលដៅបង្កើតរបៀបវារៈសម្រាប់កិច្ចប្រជុំនាពេលអនាគតលើការដោះស្រាយវិបត្តិសង្រ្គាមអ៊ុយក្រែន ។
លោក Nebenzya បាននិយាយទៀតថា គ្មានសហភាពអឺរ៉ុប ឬចក្រភពអង់គ្លេស អាចរួមចំណែកនៅក្នុងកិច្ចប្រជុំនាពេលអនាគតណាមួយលើបញ្ហាអ៊ុយក្រែនបានឡើយ ដោយលោកនិយាយបន្ទរពីសេចក្តីថ្លែងការណ៍បង្កើតឡើងដោយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ដែលដឹកនាំគណៈប្រតិភូរុស្ស៊ីនៅទីក្រុង Riyadh សម្រាប់កិច្ចប្រជុំជាមួយសមភាគីសហរដ្ឋអាមេរិកលោក Marco Rubio ។
គួរំឭកថា ទីក្រុងម៉ូស្គូ បានប្រកាសបញ្ចូលឧបទ្វីបគ្រីមៀជាឧបសម្ព័ន្ធរបស់ខ្លួនក្នុងឆ្នាំ ២០១៤ ។ ការប្រកាសបែបនេះ ត្រូវបានកើតឡើងបន្តដោយការបះបោររបស់ក្រុមផ្តាច់ខ្លួនគាំទ្ររុស្ស៊ីនៅតំបន់ Donetsk និងតំបន់ Luhansk ដែលបានប្រកាសតំបន់របស់ពួកគេថាជា “សាធារណរដ្ឋប្រជាមានិត” ។
ក្នុងខែតុលា ឆ្នាំ ២០២២ រុស្ស៊ីបានប្រកាសថា ពួកគេបានបញ្ចូលតំបន់ Donetsk, Luhansk, Kherson និងតំបន់ Zaporizhzhia របស់អ៊ុយក្រែនជាឧបសម្ព័ន្ធរបស់ខ្លួន ។ ទីក្រុងម៉ូស្គូបានប្រកាសការបញ្ចូលជាឧបសម្ព័ន្ធបែបនេះ ក្រោយរៀបចំការធ្វើប្រជាមតិនៅតំបន់កាន់កាប់របស់អ៊ុយក្រែន ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលលោកខាងលិច និងទីក្រុងគីវ និយាយថា ការបោះឆ្នោតនេះ បានបំពានលើច្បាប់អន្តរជាតិ ហើយត្រូវបានបង្ខិតបង្ខំ និងគ្មានអ្នកតំណាងត្រឹមត្រូវ ។
សូមបញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រងទឹកដីអ៊ុយក្រែន ប្រហែល ២០ភាគរយ ឬស្មើជាង ១១២.០០០គ.មក្រឡា ៕