ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា កងទ័ពមួកខៀវកម្ពុជាលេខ៧៣៩ មានកម្លាំងសរុប ៧៣នាក់ ក្នុងនោះមាននារី៣៤នាក់ បានប្តូរវេនទៅបំពេញបេសកកម្មថែរក្សាសន្តិភាព អង្គសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង ដើម្បីបន្តបេសកកម្មជាកម្លាំងអាវុធហត្ថ ថែរក្សាសន្តិភាពការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំប្រតិភូជាន់ នៅក្នុងតំបន់កំពុងមានជម្លោះ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាងរក្សាសន្តិភាពក្នុងឱកាសជូនដំណើរកងកម្លាំងថា សម្រាប់ឆ្នាំ២០២១ គឺជាឆ្នាំទី១០ ដែលកម្ពុជាយើងបានបញ្ជូនកងទ័ពមួកខៀវចូលរួមបេសកកម្មថែររក្សាសន្តិភាពនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) ដែលសរុបមានចំនួន ៧៣០ នាក់ ក្នុងនោះមាននារី ១២៤ នាក់។
ឯកឧត្តម បន្តថា នៅក្នុងតំបន់បេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូងនោះ កងទ័ពមួកខៀវកម្ពុជា បានទទួលឈរជើងបំពេញបេសកកម្មចំនួន៦តំបន់ មានភារកិច្ចទទួលខុសត្រូវលើការងារធំចំនួន៣ធំៗរួមមាន ៖ ទី១ ពង្រឹងការអនុវត្តវិន័យសណ្តាប់ធ្នាប់ល្អ លើកងកម្លាំងរក្សាសន្តិភាពទាំងអស់របស់UNសរុបជិត១៥០០០នាក់ ទី២ ការពារការរំលោភបំពានច្បាប់របស់សាមីប្រទេស និងសិទ្ធិរបស់ប្រជាជនដោយធានាអោយបានការគោរពច្បាប់រដ្ឋរបស់ស៊ូដង់ខាងត្បូង និងទី៣ ដើរតួលើប្រតិបត្តិការស៊ើបអង្កេតករណីចោទប្រកាន់ និងពាក់ព័ន្ធកងកម្លាំងរក្សាសន្តិភាព។
ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី បន្តថា ក្រៅពីបំពេញភារកិច្ចស្នូល ទ័ពមួកខៀវកម្ពុជា ក៏បានទទួលបទបញ្ជាបន្ថែមផងដែរ លើការដើរតួជាអង្គភាពសំខាន់ក្នុងពង្រឹងការអនុវត្តវិធានការការពារជំងឺឆ្លងរាតត្បាតកូវីដ១៩ នៅក្នុងតំបន់បេសកកម្មទាំងមូលផងដែរ។
សូមបញ្ជាក់ នៅក្នុងតំបន់បេសកកម្មដែលទ័ពមួកខៀវកម្ពុជា បានឈរជើងបំពេញបេសកកម្មចំនួន៦តំបន់នោះ បច្ចុប្បន្នតំបន់នោះគឺមានស្ថានភាពជួបរងការគំរាមកំហែងខ្លាំងពីសំណាក់ក្រុមប្រដាប់អាវុធ ដែលមានតួអង្គមិនមែនរដ្ឋ និងជាក្រុមកុលសម្ព័ន្ធតាមសហគមន៍នានា ដែលតែងតែពួនស្ទាក់ វាយឆ្មក់ បាញ់មកលើក្រុមកម្លាំងបុគ្គលិកមនុស្សធម៌ និងការសម្លាប់សងសឹកគ្នារវាងសហគមន៍មួយ និងសហគមន៍មួយទៀត៕
អត្ថបទ ស៊ុម សុខជា