ស្របពេលផ្តល់ថវិកាគាំទ្រដល់កម្មករ និងធុរកិច្ច ហើយនិងកាត់បន្ថយថ្លៃចំណាយ មុនការបោះឆ្នោតសកលតាមការរំពឹងក្នុងឆ្នាំនេះ នាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lawrence Wong និយាយនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចប្រទេសរបស់លោក នឹងរងការប៉ះទង្គិចដោយសារភាពតានតឹងសកល ។
លោក Wong ដែលជារដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរីដែរនោះ និយាយថា សហរដ្ឋអាមេរិក និងចិន បានជាប់ផុងក្នុងការប្រកួតប្រជែងគ្នាដ៏ខ្លាំងក្លាសម្រាប់ឧត្តមភាពសកល ហើយផលប៉ះពាល់របស់វា នឹងទាញឲ្យប្រទេសផ្សេងធ្លាក់ចូលដូចគ្នា ដោយមិនអាចចៀសផុតបានឡើយ ។
លោកបន្តថា សំពាធទាំងអស់នេះ នឹងកែទម្រង់សេដ្ឋកិច្ចពិភពលោក ហើយនិងកាត់បន្ថយការរំពឹងទុកពីកំណើនសកល ។ ក្នុងនាមជាប្រទេសសេដ្ឋកិច្ចតូចតាច និងបើកចំហរ ពួកយើងនឹងរងផលប៉ះពាល់ ។
គួរឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបសិង្ហបុរី បានកើនឡើងដល់ ៤,៤ភាគរយ ក្នុងឆ្នាំ ២០២៤ ពីចំនួន ១,៨ភាគរយក្នុងឆ្នាំ ២០២៣ ប៉ុន្តែក្រសួងពាណិជ្ជកម្មរំពឹងថា កំណើនក្នុងឆ្នាំ ២០២៥ មានត្រឹមចន្លោះពី ១ភាគរយ ដល់ ៣ភាគរយប៉ុណ្ណោះ គឺជាការព្យាករណ៍មួយដែលលោក Wong បានលើកឡើងនៅថ្ងៃអង្គារនេះ ។
សុន្ទរកថាថវិកានេះដែរ គឺជាសុន្ទរកថាលើកដំបូងរបស់លោក Wong ក្នុងនាមជានាយករដ្ឋមន្រ្តី ក្រោយលោករូបឡើងកាន់តំណែងកាលពីឆ្នាំមុន ។ វាបានកើតមានឡើងមុនការបោះឆ្នោតសកលដែលនឹងរៀបចំឡើងនៅខែវិច្ឆិកាខាងមុខ ៕