ភ្នំពេញ÷ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីកាត់បន្ថយគម្លាតរវាងតំបន់ជនបទនិងទីក្រុង។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពល ភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ ប្រវែង ៣ ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ជុំវិញការអភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ, ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនាជាពិសេសផ្លូវជនបទ ដោយក្នុងនោះបាន គិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុរួមមាន៖ ផ្លូវដីស ផ្លូវល្បាយ ក្រួស និងផ្លូវកៅស៊ូពីរជាន់ ឬក្រាលបេតុង ដើម្បីបង្កភាព ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ, ចំណេញពេលវេលា, កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារ ឬផលិតផល ផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈ។
ជុំវិញផ្លូវនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនា របស់នាយកដ្ឋានផ្លូវលំជនបទ រហូតដល់បញ្ចប់ សុពលភាព ព្រោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត ដើម្បីលើក កម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ ។ ឯកឧត្តម រដ្ឋលេខាធិការបានរំលេចនូវគុណបំណាច់ របស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាលកម្ពុជា នឹងបាននិងកំពុងបន្តការគាំទ្រដល់ ការជួស ជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួស ក្រហម ទៅជាផ្លូវក្រាលកៅស៊ូឬបេតុង ដើម្បីជំរុញធ្វើអន្តរកម្មផ្នែកសង្គមនិងសេដ្ឋកិច្ច ការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ ជនបទ និងទីប្រជុំជនជាដើម, បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានកំពុងខិតខំយកចិត្ត ទុកដាក់ អនុវត្តការងារទាំងនេះឱ្យឆ្លើយតបទៅតាមផែនការរបស់រាជរដ្ឋាភិបាល។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ, ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅ មូលដ្ឋាន សូមចូលរួមថែទាំសមិទ្ធផលទាំងនេះទាំងអស់គ្នាដូចជា ការហាមឃាត់ឡានដែលដឹកលើសចំណុះ និងការកាប់គាស់ដែលប៉ះ ពាល់ទ្រូងផ្លូវជាដើម។ ក្នុងជំនួបនេះដែរ, ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបាន ក្រម៉ា១៕
អត្ថបទ៖ សុន រ៉ាឌី







