ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិសង្គហបណ្ឌិត គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) បានអញ្ជើញជាធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥។
នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥នេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី មានប្រសាសន៏ថាសម្រាប់ឆ្នាំ២០២៥ សមាគមអតីតយុទ្ធជនកម្ពុជាបន្តអនុវត្តន៍អនុសាសន៍ទាំង ១៤ចំណុចរបស់ប្រមុខរដ្ឋាភិបាល ដែលបានដាក់ជូន និងខិតខំបន្តសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលពុំមានផ្ទះស្នាក់នៅសមរម្យតាមបណ្តារាជធានី ខេត្ត។
ឯកឧត្តម ទេសរដ្ឋមន្រ្ដី គន់ គីម បន្តថា សមាគមកន្លងមកបានសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំរុញការដោះស្រាយសម្ប ទាន ដី សង្គមកិច្ច ដើម្បីបែងចែកជូនអតីតយុទ្ធជន ដែលក្រីក្រ គ្មានដីបង្កបង្កើនផលពិតប្រាកដ។
ជាមួយគ្នា ឯកឧត្តម ទេសរដ្ឋមន្រ្ដី គន់ គីម បន្តទៀតថា សមាគមក៏បានពង្រឹងរបបរាយការណ៍ និងរបបធ្វើការងារនៅគ្រប់ថ្នាក់ ជាពិសេសគណៈជំនាញពាក់ព័ន្ធត្រូវរៀបចំផែនការ ចុះធ្វើការអប់រំ និងពង្រឹងសមត្ថភាពការងារដល់ក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់រាជធានី ខេត្ត ដើម្បីធានា អោយការអនុវត្តការងារ នៅ មូលដ្ឋានទទួលបាននូវគុណភាព និងប្រសិទ្ធភាព។
លើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្ដី គន់ គីម បន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា និងបងប្អូន អតីត យុទ្ធជន ដែលមិនទាន់ចូលជាសមាជិកបានជ្រួតជ្រាបពីផលប្រយោជន៍របស់ សមាគមអតីតយុទ្ធជនកម្ពុជា ហើយស្ម័គ្រចិត្ត ចូលរួមជា សមាជិក អតីតយុទ្ធជនកម្ពុជាឲ្យបានគ្រប់គ្នា។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ក្នុងនាមអគ្គលេខាធិការសមាគមអតីតយុទ្ធជនបានជំរុញដល់ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ស.អ.ក. រាជធានី ខេត្ត ក្នុងការបង់ថវិកាភាគទាន និងថវិកាបេឡាមរណសង្គ្រោះ មក សមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់កណ្តាល តាមរយៈមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) ឲ្យបានទាន់ពេលវេលា។
តាមរបាយការណ៍របស់សមាគមអតីតយុទ្ធកម្ពុជា បានឲ្យដឹងថា ការងារចាត់តាំង និងគ្រប់គ្រងបច្ចុប្បន្ន សមាគមអតីតយុទ្ធជនកម្ពុជា មានសមាជិកសរុបចំនួន ៨៧.៥៩០នាក់។ ក្នុងចំណោមនេះ គ្រួសារជនពលី ចំនួន ១៦.៦០០នាក់, ជនមរណៈ ចំនួន ២.៨៧៨នាក់, ជនពិការ ចំនួន ២៧.៤៦១នាក់, និវត្តជន ចំនួន ៣៩.២៥២នាក់, ជនបាត់បង់សមត្ថភាពការងារ ចំនួន ១.៣៥៦នាក់ និងមន្រ្តីរាជការស៊ីវិល ចំនួន៤៣នាក់។
គណៈហិរញ្ញវត្ថុ និងបេឡាមរណសង្រ្គោះ សមាគមអតីតយុទ្ធកម្ពុជា បានទទួលស្ថិតិសមាជិកមរណភាពរបស់ សមាគមអតីតយុទ្ធកម្ពុជា រាជធានី ខេត្ត សរុបចំនួន២.១៨៣នាក់។
គួរជម្រាបជូនថា ដោយបានការយកចិត្តទុកដាក់គិតគូរពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ សមាគមអតីតយុទ្ធជនក៏នៅមានចំណុចសេសសល់និងបញ្ហាប្រឈមមួយចំនួន ដែល ត្រូវយកចិត្តទុកដាក់បន្ថែមទៀតនោះគឺ៖
-ការសាងសង់ផ្ទះជូនអតីតយុទ្ធជន នៅមិនទាន់ឆ្លើយតបនឹងចំនួនអតីតយុទ្ធជនដែលជួបការលំបាក ខ្វះ ខាត ដែល មានដីប៉ុន្តែមានផ្ទះស្នាក់នៅមិនសមរម្យ។
-សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា មួយចំនួនធ្វើចំណាកស្រុកទៅរកស៊ីនៅតំបន់ឆ្ងាយ មានការលំបាកក្នុងការទំនាក់ទំនង ដើម្បី បំពេញឯកសារផ្សេងៗឲ្យបានទាន់ពេលវេលា ទោះបីមានលេខទូរស័ព្ទទំនាក់ទំនងក៏ដោយ។ តែយ៉ាងណាក្រោមការដឹកនាំដោយផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី អគ្គលេខាធិការ អគ្គលេខាធិការរង បានខិត ខំពុះពារដឹកនាំ អនុវត្តភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាំងពីថ្នាក់ កណ្តាលរហូតដល់ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់៕







