លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា លោកអាចជួបលោក Vladimir Putin ក្នុងខែនេះ ហើយបានច្រានចោលការព្រួយបារម្ភរបស់អ៊ុយក្រែន អំពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្តីពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន។

នៅពេលត្រូវបានសួរថាតើលោកនៅតែរំពឹងថានឹងជួបលោក Putin មុនដំណាច់ខែនេះដែរ ឬទេ ក្រោយលោកបានបញ្ចប់សន្និសីទសារព័ត៌មាននៅឯក្លឹប ម៉ា-អា-ឡាហ្គោ( Mar-a-Lago) របស់លោកនៅទីក្រុងឆ្នេរសមុទ្រ Palm Beach រដ្ឋ Floridaលោក Trump ឆ្លើយថាលោកអាចនឹងជួបគ្នា ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអំពីកិច្ចចរចារវាងអាមេរិក និងរុស្ស៊ីនៅទីក្រុងរីយ៉ាដ( Riyadh)កាលពីរសៀលថ្ងៃអង្គារ១៨កុម្ភៈសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថា ភាគីទាំងពីរពុំបានកំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំកំពូលរវាងលោក Trump និងលោកPutin ដើម្បីពិភាក្សាអំពីអ៊ុយក្រែនទេ។
លោក Trump បាននិយាយជាលើកដំបូងចាប់តាំងពីគណៈប្រតិភូអាមេរិកបានបង្កើតកិច្ចសន្ទនាការងារជាមួយរុស្ស៊ីអំពីអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងរីយ៉ាដកាលពីថ្ងៃអង្គារ។

លោកបាននិយាយថា លោកមានទំនុកចិត្តកាន់តែខ្លាំងចំពោះកិច្ចព្រមព្រៀងមួយបន្ទាប់ពីការចរចាដោយបន្ថែមថា ការពិភាក្សាទាំងនោះដំណើរការល្អណាស់។ រុស្ស៊ីចង់ធ្វើអ្វីមួយ។ ពួកគេចង់បញ្ឈប់សមរភូមិសង្គ្រាមនោះ។
លោក Trump បាននិយាយថាលោកគិតថាលោកមានអំណាចដើម្បីបញ្ចប់សង្រ្គាមនេះ ហើយលោកគិតថាការចរចានឹងដំណើរការល្អ ដោយបំភ្លេចចោលអ៊ុយក្រែនចំពោះការត្អូញត្អែរដែលថាខ្លួនត្រូវបានដកចេញពីការសង្វៀនពិភាក្សានេះ។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានរិះគន់ការដកប្រទេសរបស់លោកចេញពីការជួបជុំនៅទីក្រុង រីយ៉ាដ ដែលមានរយៈពេលជាងបួនម៉ោង៕