ប្រភពចំនួនពីរបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានពន្យារពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីមិនផ្តល់ "ភាពស្របច្បាប់" ដល់កិច្ចប្រជុំកាលពីថ្ងៃអង្គារ (១៨ កុម្ភៈ) រវាងក្រុមមន្រ្តីអាមេរិក និងរុស្ស៊ី នៅទីក្រុងរីយ៉ាដ។

ថ្លែងកាលពីព្រឹកថ្ងៃអង្គារក្នុងប្រទេសទួរគី លោក Zelenskiy និយាយថា លោកបានពន្យារពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលដំបូងឡើយត្រូវបានគ្រោងទុកសម្រាប់ថ្ងៃពុធ ១៩ កុម្ភៈ នេះ រហូតដល់ថ្ងៃទី១០ ខែមីនា ដោយនិយាយថា លោកមិនចង់ "មានភាពចៃដន្យណាមួយ" ទេ ហើយបញ្ជាក់ថា “ពុំមានកិច្ចពិភាក្សាណាមួយធ្វើឡើងក្រោយខ្នងអ៊ុយក្រែនបានឡើយ”។

ប្រភពនិយាយថា “អ៊ុយក្រែន មិនចង់បង្ហាញខ្លួនដើម្បីផ្តល់ភាពស្របច្បាប់នូវអ្វីដែលបានកើតឡើងក្នុងទីក្រុងរីយ៉ាដ ជុំវិញកិច្ចពិភាក្សានោះឡើយ”។
លោក Zelenskiy បាននិយាយនៅក្នុងទីក្រុងអង់ការ៉ាថា លោកមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គាររវាងគណៈប្រតិភូនៃមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងរុស្ស៊ីទេ ដែលរួមមានរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរផងដែរ។ សហរដ្ឋអាមេរិក និងរុស្ស៊ីបាននិយាយបន្ទាប់ពីកិច្ចពិភាក្សានោះថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕