ភ្នំពេញ ៖ដោយគោរពទៅតាមការណែនាំរបស់គ្រូពេទ្យ អ្នកជាពីជំងឺកូវីដ-១៩ រស់នៅរាជធានីភ្នំពេញ បានរួសរាន់នាំគ្នាទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោយជាពីជំងឺក្នុងរយៈពេលចាប់ពី៤ខែឡើងទៅ។
អ្នកជាពីជំងឺកូវីដ-១៩ រស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិតជារឿងសំខាន់ ព្រោះអាចការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ម្តងទៀត បន្ទាប់ពីជាស្បះស្បើយពីជំងឺនេះ។
លើសពីនេះ ពួកគេបានបង្ហាញអារម្មណ៍នៅពេលកើតជំងឺកូវីដ-១៩ យ៉ាងដូច្នេះថា ពេលដឹងថាខ្លួនមានជំងឺកូវីដ-១៩ ដំបូងឡើយមានអារម្មណ៍បាក់ទឹកចិត្ត ខ្លាចឆ្លងទៅអ្នកជុំវិញខ្លួន ជាពិសេសកូន និងឪពុកម្តាយ ប៉ុន្តែអារម្មណ៍នេះ បានបាត់ទៅវិញបន្ទាប់ពីបានចូលមណ្ឌលព្យាបាល ដោយក្រុមគ្រូពេទ្យពន្យល់ណែនាំ និងលើកទឹកចិត្ត។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសូខាភិបាល បានបញ្ជាក់ថា អ្នកដែលបានព្យាបាលជាស្បះ ស្បើយពីជំងឺកូវីដ-១៩ មានរយៈពេលចាប់ពី៤ខែឡើងទៅ អាចទៅទទួលការចាក់វ៉ាក់សាំងបាន ដោយភ្ជាប់ទៅជាមួយលិខិតបញ្ជាក់របស់គ្រូពេទ្យព្យាបាលកូវីដ-១៩ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត។ ហើយដំណើរការចាក់វ៉ាក់សាំងធ្វើឡើងនៅទីតាំងសុខាភិបាលសាធារណៈក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។
នៅកម្ពុជាការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំ បាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាតការចម្លង និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។
បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ ពីទទួលបានជោគជ័យលើនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋបានជាង១៤លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបចំនួន១៦លាននាក់៕
អត្ថបទ៖ ទូច សោភ័ណ