ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារ១៨កុម្ភៈសប្ដាហ៍នេះ នៅឯអង្គការពាណិជ្ជកម្មពិភពលោក WTO ថា ការដំឡើងពន្ធដែលបានគំរាមកំហែង ឬដាក់រួចហើយដោយប្រធានាធិបតីអាមេរិក Donald Trump ដុតបញ្ឆេះហានិភ័យនៃអតិផរណា ការបង្ខូចទ្រង់ទ្រាយទីផ្សារ និងសូម្បីតែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។

បន្ទាប់ពីត្រលប់ចូលកាន់តំណែងវិញជាថ្មីកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះ លោក Trump បានវាយប្រហារប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ដោយការដំឡើងពន្ធបន្ថែម ១០ ភាគរយលើផលិតផល ដែលត្រូវចូលសហរដ្ឋអាមេរិក។

លោក Trump បានចុះហត្ថលេខាលើក្រឹត្យជាច្រើនកាលពីសប្តាហ៍មុន ដោយដំឡើងពន្ធថ្មី ២៥ ភាគរយលើដែកថែប និងអាលុយមីញ៉ូម ដែលនឹងចូលជាធរមាននៅថ្ងៃទី ១២ ខែមីនា។
ហើយលោកបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថាការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើរថយន្តនាំចូលនឹងមានប្រហែល ២៥ ភាគរយ ជាការផ្តល់ព័ត៌មានថ្មីអំពីពន្ធ ដែលត្រូវគេរំពឹងថាលោក Trump នឹងបង្ហាញនៅថ្ងៃទី ២ ខែមេសា។

លោក លី ឆឹងកាង (Li Chenggang) ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការពាណិជ្ជកម្មពិភពលោក បាននិយាយក្នុងកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំនេះ ស្ដីពីការសម្រេចចិត្តរបស់ក្រុមប្រឹក្សានៃស្ថាប័នពាណិជ្ជកម្មពិភពលោកថា ពិភពលោកប្រឈមនឹងភាពតក់ស្លុតជាបន្តបន្ទាប់ពីការដំឡើងពន្ធរបស់អាមេរិកហើយចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការឯកតោភាគី និងតាមអំពើចិត្ត ដោយបំពានច្បាប់ WTO។
ការដំឡើងពន្ធបន្ថែមទាំងនេះលើដៃគូពាណិជ្ជកម្មផ្សេងៗរួមទាំងចិន រុញឲ្យមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច រំខានដល់ពាណិជ្ជកម្មសកល និងហានិភ័យអតិផរណាក្នុងស្រុក ការបង្ខូចទ្រង់ទ្រាយទីផ្សារ ឬសូម្បីតែវិបត្តិសេដ្ឋកិច្ចសកល៕