ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានរិះគន់កិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីព្រោះតែមិនឲ្យទីក្រុងKyivចូលរួម ដោយនិយាយថាកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាមត្រូវតែយុត្តិធម៌ ហើយមានការចូលរួមពីបណ្តាប្រទេសអឺរ៉ុបរួមទាំងទួរគីផងដែរ។

ការអត្ថាធិប្បាយរបស់លោកបានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ និយាយថា ប្រទេសទាំងពីរនឹងតែងតាំងក្រុមដើម្បីចរចាឆ្ពោះទៅបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងអំឡុងកិច្ចពិភាក្សាផ្លូវការកម្រិតខ្ពស់លើកដំបូងចាប់តាំងពីប្រទេសរុស្ស៊ីបានវាយលុកជិតបីឆ្នាំមកនេះ។

មេដឹកនាំអ៊ុយក្រែនបាននិយាយបែបនេះ បន្ទាប់ពីកិច្ចប្រជុំជិតបីម៉ោងជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan នៅរដ្ឋធានីអង់ការ៉ារបស់ទួរគី។

លោក Zelensky បាននិយាយថា អ៊ុយក្រែន សហភាពអឺរ៉ុប រួមមបញ្ចូលទាំង ទួរគី និងចក្រភពអង់គ្លេស គួរតែចូលរួមក្នុងការសន្ទនា និងការធានាសន្តិសុខចាំបាច់ជាមួយអាមេរិកទាក់ទងនឹងជោគវាសនាក្នុងចំណែករបស់អ៊ុយក្រែននៃពិភពលោក ។
លោកបាននិយាយថា កិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីសម្របសម្រួលបញ្ចប់ជម្លោះគួរតែ យុត្តិធម៌ ដោយរិះគន់កិច្ចចរចារវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីនៅទីក្រុងរីយ៉ាដកាលពីថ្ងៃអង្គារ និងបានរំលឹកឡើងវិញនូវការប្រឆាំងរបស់លោកចំពោះការសម្រេចចិត្តដោយគ្មានអ៊ុយក្រែនអំពីរបៀបបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។
លោកបាននិយាយថាសាមីប្រទេសពុំត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សាក្រុងរីយ៉ាដទេ ហើយបានពន្យារពេលការធ្វើដំណើរទៅកាន់រដ្ឋធានីអារ៉ាប៊ីសាអ៊ូឌីតជាទីដែលលោកត្រូវគេរំពឹងថានឹងទៅដល់នៅថ្ងៃពុធ១៩កុម្ភៈសប្ដាហ៍នេះ៕