អាជ្ញាធរប៉ាឡេស្ទីនបាននិយាយថាប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលរស់នៅក្នុងជំរំជនភៀសខ្លួននៅតំបន់កាន់កាប់ West Bank បានសម្រុកចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈការវាយលុករបស់អ៊ីស្រាអែល រយៈពេលមួយសប្តាហ៍បានរុះរើលំនៅឋាន និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនក្នុងតំបន់ដែលពោរពេញដោយសំណង់លំនៅឋាន។

កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេនៅក្នុងជំរំជនភៀសខ្លួននៅទីក្រុងភាគខាងជើង Jenin របស់តំបន់ West Bank កាលពីថ្ងៃទី២១ ខែមករា ដោយដាក់ពង្រាយទាហានរាប់រយនាក់ និងគ្រឿងឈូសឆាយដែលបានរុះរើផ្ទះសម្បែង និងជីកកកាយផ្លូវ ដោយបានបណ្តេញអ្នកស្រុកស្ទើរតែទាំងអស់ចេញពីជំរំនោះ។

ប្រតិបត្តិការ ដែលអ៊ីស្រាអែលនិយាយថាមានបំណងទប់ស្កាត់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ នៅតំបន់ West Bank មួយនេះ ត្រូវបានពង្រីកកាន់តែធំចាប់តាំងពីពេលនោះមកទៅកាន់ជំរំផ្សេងទៀត ជាពិសេសជំរុំជនភៀសខ្លួន Tulkarm និងជំរំ Nur Shams ដែលនៅជិតនោះ ដែលទីតាំងទាំងពីរនេះក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។

តួលេខពីអាជ្ញាធរប៉ាឡេស្ទីន បង្ហាញថា ឥឡូវនេះមនុស្សប្រហែល ១៧.០០០នាក់ បានចាកចេញពីជំរំជនភៀសខ្លួន Jenin ដោយធ្វើឱ្យកន្លែងនោះស្ថិតក្នុងសភាពស្ទើរតែដូចត្រូវបោះបង់ចោលទាំងស្រុង ខណៈនៅជំរំ Nur Shams មនុស្ស ៦.០០០នាក់ ឬប្រហែល ២ភាគ៣ នៃចំនួនប្រជាជនសរុបបានចាកចេញ ជាមួយនឹងអ្នកស្រុក ១០.០០០នាក់ បានទៀតចាកចេញពីជំរុំ Tulkarm៕