លោក Donald Trump បានដាក់គោលដៅលើប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតី លោក Volodymyr Zelensky បាននិយាយថា គួរឲ្យភ្ញាក់ផ្អើលបំផុត ដែលប្រទេសរបស់លោក បែជាមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចចរចាសន្តិភាពនៅអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន។

លោក Trump បាននិយាយថារូបលោកខកចិត្តចំពោះប្រតិកម្មរបស់អ៊ុយក្រែន ហើយបាននិយាយថា ប្រទេសនេះ "អាចធ្វើកិច្ចព្រមព្រៀង" ដើម្បីបញ្ចប់សង្រ្គាម បង្កើតឡើងដោយរុស្ស៊ីជិតបីឆ្នាំមកនេះ។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា ប្រទេសរបស់លោកនឹងមិនទទួលយកកងកម្លាំងរក្សាសន្តិភាពពីប្រទេសសមាជិកណាតូក្នុងប្រទេសអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

លោក Trump បាននិយាយថា លោកបានលឺថា ពួកគេមិនសប្បាយចិត្ត ដែលពុំមានកៅអី តាមពិតទៅពួកគេមានកៅអីបីឆ្នាំ និងយូរមកហើយ។ សហភាពអឺរ៉ុប កំពុងច្របូកច្របល់និងប្រឆាំងការចរចាដោយគ្មានវត្តមានពួកគេ។
លោកបន្ថែមទៀតថា អ្នកមិនគួរចាប់ផ្តើមការចរចាទេ តែអ្នកអាចធ្វើកិច្ចព្រមព្រៀងបាន។
បន្ទាប់ពីជំនួបរវាងមន្ត្រីអាមេរិក និងរុស្ស៊ី នៅអារ៉ាប៊ីសាអ៊ូឌីត លោក Trump បាននិយាយថា លោកមានទំនុកចិត្តច្រើនជាងមុនក្នុងការចរចាបញ្ចប់សង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។
មន្រ្តីសហភាពអឺរ៉ុបមួយរូបបានលើកឡើងថា មេដឹកនាំអឺរ៉ុបមួយក្រុមបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ថាពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការធានាសន្តិសុខអ៊ុយក្រែន ប៉ុន្តែបានព្រមានថា នឹងមានគ្រោះថ្នាក់ណាស់ក្នុងការធ្វើបទឈប់បាញ់ ដោយពុំមានកិច្ចព្រមព្រៀងសន្តិភាពក្នុងពេលតែមួយ៕