សភារបស់កូរ៉េខាងត្បូង កំពុងជំរុញកិច្ចប្រឹងប្រែងដកលោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង ដោយក្រុមមេធាវីអះអាងប្រាប់សភាកាលពីថ្ងៃអង្គារ (១៨ កុម្ភៈ) ថា មេដឹកនាំដែលត្រូវបានផ្អាកពីតួនាទីរូបនេះអាចព្យាយាមដាក់ច្បាប់អាជ្ញាសឹកម្តងទៀត ឬធ្វើឱ្យខូចដល់ស្ថាប័នធម្មនុញ្ញ ប្រសិនបើលោកកាន់អំណាចឡើងវិញ ខណៈការកាត់ក្តីចោទប្រកាន់ចោទប្រកាន់ទម្លាក់តំណែងរបស់លោកបានឈានចូលដល់ដំណាក់កាលចុងក្រោយ។

បន្ទាប់ពីការផ្តល់សក្ខីកម្មជាច្រើនសប្តាហ៍ដោយមន្ត្រីជាន់ខ្ពស់បច្ចុប្បន្ន និងអតីត រួមទាំងអ្នកមួយចំនួនដែលកំពុងប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌចំពោះតួនាទីរបស់ពួកគេលើច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីថ្ងៃទី០៣ ខែធ្នូ មេធាវីរបស់ភាគីទាំងពីរបានសង្ខេបអំណះអំណាង និងផ្ដល់ភស្តុតាងនៅតុលាការធម្មនុញ្ញ។

តុលាការធម្មនុញ្ញគ្រោងនឹងបើកសវនាការមួយទៀត ដើម្បីសាកសួរសាក្សី ៣នាក់ទៀតនៅថ្ងៃព្រហស្បតិ៍ ២០ កុម្ភៈ ស្អែកនេះ រួមទាំងនាយករដ្ឋមន្ត្រីដែលត្រូវបានផ្អាកពីតួនាទី និងអតីតប្រមុខនគរបាលផងដែរ។
តុលាការកំពុងពិនិត្យមើលញត្តិចោទប្រកាន់ទម្លាក់តំណែងរបស់សភាលើលោក Yoon នៅថ្ងៃទី១៤ ខែធ្នូ ហើយនឹងសម្រេចថា តើត្រូវដកលោកចេញពីតំណែងជាអចិន្ត្រៃយ៍ ឬដាក់ឱ្យកាន់អំណាចឡើងវិញ។ ប្រសិនបើលោកត្រូវដកចេញ ការបោះឆ្នោតប្រធានាធិបតីថ្មីត្រូវតែធ្វើឡើងក្នុងពេល ៦០ថ្ងៃ។

លោក Yoon ផ្ដល់អំណះអំណាងថា លោកមានសិទ្ធិក្នុងនាមជាប្រធានាធិបតីដើម្បីចេញក្រឹត្យច្បាប់អាជ្ញាសឹកនេះ។ លោកលើកឡើងថា ចំណាត់ការនេះក៏មានភាពត្រឹមត្រូវដែរ ដោយសារតែជាប់គាំងនយោបាយ និងការគំរាមកំហែងពី "កងកម្លាំងប្រឆាំងរដ្ឋ" ដែលគាំទ្រកូរ៉េខាងជើង៕