មេដឹកនាំប្រទេសលីបង់ បាននិយាយថា ពួកគេកំពុងទាក់ទងជាមួយសហរដ្ឋអាមេរិក និងប្រទេសបារាំង ដើម្បីជំរុញអ៊ីស្រាអែលឱ្យដកកងទ័ពចេញទាំងស្រុង ដោយសំគាល់ឃើញមានវត្តមាននៅបន្ត ក្នុងទីតាំងចំនួនប្រាំកន្លែងថាជា «ការកាន់កាប់» បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ។

អង្គការសហប្រជាជាតិ បានចាត់ទុកការដកកងទ័ពចេញមិនពេញលេញនេះ ថាជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ទោះបីជាខ្លួនបានអនុញ្ញាតឱ្យប្រជាជនភៀសខ្លួនជាច្រើនត្រឡប់ទៅភូមិព្រំដែនដែលត្រូវបានបំផ្លិចបំផ្លាញ បន្ទាប់ពីអរិភាពជាងមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក៏ដោយ។

អង្គភាពសេវាសង្គ្រោះបន្ទាន់បានបើកដំណើរការ ដើម្បីទាញយកសាកសពចេញពីតំបន់ដែលមិនអាចចូលទៅបាន កាលពីពេលមុន។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសលីបង់ បាននិយាយថា ទីភ្នាក់ងារបានរកឃើញសាកសពចំនួន ២៣ នាក់នៅភូមិព្រំដែន។
ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អោន(Joseph Aoun) បាននិយាយថា រដ្ឋាភិបាលកំពុងទាក់ទងជាមួយអ្នកសម្របសម្រួលបទឈប់បាញ់ មានសហរដ្ឋអាមេរិក និងប្រទេសបារាំង ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ចប់ការដកកងទ័ពទាំងអស្រុង។