ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជា ដោយចាប់ខ្លួនស្រ្ដីជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ។
នគរបាល បានឲ្យដឹងថា កាលពីវេលាម៉ោង០១ និង៣០នាទី រំលងអាធ្រាត ថ្ងែទី១៥ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យ ក១០ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា បានសហការជាមួយសមត្ថកិច្ចគយ និង រដ្ឋាករប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រង់ច្រកអ្នកដំណើរមកដល់ និងដោយមានការសម្របសម្រួលពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសម៉ាលី ឆ្លងកាត់ប្រទេស អេត្យូពី និងប្រទេសកូរ៉េខាងត្បូង ចូលមកប្រទេសកម្ពុជា។
ជាលទ្ធផលក្នុងការបង្ក្រាបសមត្ថកិច្ច បានឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ដោយចាប់យកវត្ថុតាងជាសារធាតុញៀនប្រភេទកូកាអ៊ីនទម្ងន់សុទ្ធជិត ២គីឡូក្រាម ដែលជនសង្ស័យបង្កប់លាក់នៅបាតវ៉ាលី។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





