អាជ្ញាធរប្រទេសថៃ បាននិយាយថា មនុស្ស១.២១៩នាក់ ដែលត្រូវបានបង្ខំឱ្យចូលរួមក្នុងការឆបោកនៅឯមជ្ឈមណ្ឌលក្លែងបន្លំច្រើនកន្លែងក្នុងសហភាពមីយ៉ាន់ម៉ា នឹងត្រូវបានផ្ទេរទៅកាន់ប្រទេសថៃសម្រាប់ការឃុំខ្លួនដែលមានការការពារ។ មនុស្ស១២នាក់មានសញ្ជាតិផ្សេងៗគ្នា ត្រូវបានគេជឿថាស្ថិតក្នុងចំណោមជនបរទេសរងគ្រោះនៅក្នុងសហភាពមីយ៉ាន់ម៉ា ដែលមានព្រំដែនជាប់ប្រទេសថៃ។

អាជ្ញាធរ បាននិយាយថា អ្នកទាំងនេះត្រូវបានដោះលែងកាលពីថ្ងៃអង្គារនៅទីតាំងជាច្រើនកន្លែង រួមទាំងនៅស្រុក Myawaddy ភាគខាងកើតសហភាពមីយ៉ាន់ម៉ា។ ពួកគេភាគច្រើន ត្រូវបានគេនិយាយថា ជាជនជាតិអាស៊ី ក្នុងនេះមានជនជាតិចិន១.០៤១នាក់ ឥណ្ឌូនេស៊ី៧១នាក់ និងជនជាតិវៀតណាម៤០នាក់។

ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១នៅសហភាពមីយ៉ាន់ម៉ា ក្រុមឆបោក ដែលសមាជិករបស់ពួកគេមកពីប្រទេសចិន និងកន្លែងផ្សេងទៀត មានភាពសកម្មនៅក្នុងតំបន់ក្បែរព្រំដែនប្រទេសថៃ ហើយមានករណីជាបន្តបន្ទាប់ ដែលជនបរទេសត្រូវបានបង្ខាំង និងបង្ខំឱ្យចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្ម។
អាជ្ញាធរប្រទេសថៃ និយាយថាពួកគេនឹងស៊ើបអង្កេតលម្អិត ដូចជារបៀបដែលជនបរទេស បានចូលរួមក្នុងសកម្មភាពទាំងនេះនៅក្នុងសហភាពមីយ៉ាន់ម៉ា។ អាជ្ញាធរក៏និយាយផងដែរថា ពួកគេនឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះជនបរទេសផ្សេងទៀត ដែលត្រូវបានគេជឿថានៅតែត្រូវបានឃុំខ្លួន រួមទាំងពលរដ្ឋជប៉ុនផងដែរ។