កាលពីមុន នៅពេលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បញ្ចេញប្រតិបត្តិការយោធាពិសេស ប្រធានាធិបតីអាមេរិកនៅពេលនោះគឺលោក Joe Biden បានប្រកាន់ជំហររឹងមាំក្នុងសាមគ្គីភាពជាមួយអ៊ុយក្រែន និងបង្កើតសម្ព័ន្ធមិត្តអឺរ៉ុប។ នៅពេលនេះ វិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន បានផ្លាស់ប្តូរយ៉ាងខ្លាំងជាមួយនឹងកិច្ចប្រជុំដំបូងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ រវាងអ្នកចរចារអាមេរិក និងរុស្ស៊ី។

មន្ត្រីទាំងនោះបានជួបគ្នាត្រឹមតែមួយខែប៉ុណ្ណោះបន្ទាប់ពីលោក Donald Trump ត្រឡប់មកសេតវិមានវិញ ជាមួយនឹងដៃគូអ៊ុយក្រែន និងអង្គការណាតូ មិនបានចូលរួម។ នេះបានធ្វើឱ្យអឺរ៉ុបបារម្ភថា ហានិភ័យធំៗកើនឡើងខ្លាំង ខណៈលោក Trump កែប្រែគោលនយោបាយរបស់អាមេរិក ហើយងាកទៅរកសម្ព័ន្ធភាពល្អជាមួយរុស្ស៊ី។

ការប្រញាប់ប្រញាល់របស់លោក Trump ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បានបង្កការភ័យខ្លាចថាមានកិច្ចព្រមព្រៀងសន្តិភាពជាមួយលោក Putin ដែលអាចបំផ្លាញសន្តិសុខរបស់ទីក្រុងគីវ និងអឺរ៉ុប និងផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនយោបាយ។

មន្ត្រីរដ្ឋបាលលោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចជួយជំរុញឱ្យមានសន្តិភាពយូរអង្វែង មិនដូចការខ្វះខាតសកម្មភាពចូលរួមចរចារបស់រដ្ឋបាលមុនទេ ដែលបានអនុញ្ញាតឱ្យការស្លាប់ និងការបំផ្លិចបំផ្លាញជាច្រើនបន្តនៅអ៊ុយក្រែន៕