សម្ដេចតេជោ អំពាវនាវឱ្យជនរួមជាតិក៏ដូចជាអ្នកពាក់ព័ន្ធសូមបញ្ចប់រឿងត្រឹមនេះតាមរបៀបឈ្នះ ឈ្នះ និងសហការគ្នាបន្តការងាររៀងៗខ្លួន ចំពោះករណីបណ្ឌិត សុខ ទូចជាមួយនគរបាលចរាចរ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យជនរួមជាតិក៏ដូចជាអ្នកពាក់ពន្ធ័សូមបញ្ចប់រឿងត្រឹមនេះតាមរបៀបឈ្នះ ឈ្នះ និងសហការគ្នាបន្តការងាររៀងៗខ្លួន ចំពោះករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចបានមានប្រសាសន៍ថា ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរបានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បានថែមអំបិលប្រហុក ដើម្បីទាញទម្លាក់បណ្ឌិត សុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរក៏ប្រឹងថែមទឹកត្រី និងប៉ីចេងដើម្បីវាយប្រហារនគរបាលចរាចរ។
សម្ដេចតេជោបានសង្កត់ធ្ងន់ថា តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការណ៍នេះ? គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញគឺខាតទាំងអស់គ្នា។
សម្ដេចតេជោ បានអំពាវនាវសូមបងប្អូនជនរួមជាតិក៏ដូចជាអ្នកពាក់ព័ន្ធសូមបញ្ចប់រឿងនេះត្រឹមនេះតាមរបៀបឈ្នះ ឈ្នះ និងសហការគ្នាបន្តការងាររៀងៗខ្លួន។ សម្ដេចបន្តថា «សង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រី ប៉ីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើងរាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារម្ខាងៗ។ បើលុបសារនោះចោលខ្លួនឯង ជាការល្អព្រោះខ្ញុំបានមើលរួចហើយ»៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា