មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសនិយាយថា ក្រុមសកម្មប្រយុទ្ធនឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល នៅរស់ចំនួន៦នាក់នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ហើយប្រគល់សាកសព ៤នាក់ទៀតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាការបង្កើនល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើល។

អ្នកទាំង៦ គឺជាចំណាប់ខ្មាំងនៅរស់ចុងក្រោយដែលត្រូវបានដោះលែងក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។

សេចក្តីប្រកាសរបស់មេដឹកនាំក្រុមហាម៉ាសលោក Khalil al-Hayya នៅក្នុងការអធិប្បាយថតទុក ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាអ្នកស្លាប់នឹងរួមបញ្ចូលទាំងគ្រួសាររបស់ចំណាប់ខ្មាំងឈ្មោះ Bibas ដែលក្មេងប្រុស២នាក់ និងម្ដាយរបស់ពួកគេ ត្រូវបានសម្លាប់ក្នុងដែនដែនដីហ្កាហ្សា អំឡុងទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលបានក្លាយជានិមិត្តរូបសម្រាប់ជនជាតិអ៊ីស្រាអែលជាច្រើន។

អ៊ីស្រាអែលពុំបានបញ្ជាក់ពីការស្លាប់របស់ពួកគេទេ ហើយការិយាល័យនាយករដ្ឋមន្ត្រីបានជំរុញសាធារណជនកុំឱ្យចែកចាយ "រូបថត ឈ្មោះ និងពាក្យចចាមអារ៉ាម" បន្ទាប់ពីការប្រកាសដោយក្រុម ហាម៉ាស។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gideon Saar បាននិយាយកាលពីថ្ងៃអង្គារ ១៨ កុម្ភៈ ថា អ៊ីស្រាអែលនឹងចាប់ផ្តើមការចរចាដោយប្រយោលជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស លើដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សានៅសប្តាហ៍នេះ ហើយខ្លួនទាមទារឱ្យតំបន់រងការហ៊ុព័ទ្ធនេះក្លាយជាដែនដីគ្មានយោធា៕