ភ្នំពេញ ៖ មកដល់ពេលនេះ មានសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ធំៗ ចំនួនបីកន្លែងដែលគ្រប់គ្រងជនជាតិបរទេស គឺបានបើកដំណើរឡើងវិញ ហើយសាលាទាំងបីនោះ រួមមាន ៖ សាលាបដិសណ្ឋារកិច្ច និងទេសចរណ៍នៃអង្គការ PSE វិទ្យាស្ថានម្ហូបអាហារកម្ពុជា ACAC និងសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយប្រ៊ូល នៅខេត្តសៀមរាប ការបើកនេះ ចាប់ផ្តើមដោយមានយុវជនជាច្រើន បានចូលរៀនវិញ និងបានអនុវត្តយ៉ាងល្អតាមស្តង់ដារ SOP។
លោស្រី Christine Uy ព្រឹទ្ធនារីនៃសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ ថ្លែងថា PSE ជាអង្គការជំនួយសប្បុរសធម៌អន្តរជាតិ ហើយដើម្បីជួយលើកកំពស់ធនធានមនុស្សក្នុងទេសចរណ៍ក្រោយវិបត្តិកូវីដ១៩ អង្គការបានបង្កើនផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជាច្រើនរួមមាន ៖ ជំនាញការិយាល័យជួរមុខ ជំនាញអាហារ និងភេសជ្ជៈ និងជំនាញដុតនំ ជំនាញគេហកិច្ចក្នុងសណ្ឋាគារ និងផ្ទះស្នាក់ ជំនាញបោកអ៊ុត និងជំនាញស្ប៉ា ម៉ាស្សា ជាដើម ដែលមានយុវជនយើងជាច្រើន បានចាប់អារម្មណ៍មកទទួលការបណ្តុះបណ្តាលជំនាញទេសចរណ៍។
លោកស្រី Christine Uy បញ្ជាក់ថា សម្រាប់ការសិក្សានៅក្នុងអំឡុងពេលចាប់ផ្តើមបើកឡើងវិញនេះ គឺយើងទទួលសិស្ស និងយុវជន ដែលត្រូវរៀនអនុវត្តផ្ទាល់ ហើយដោយឡែកការរៀនទ្រឹស្តី គឺយើងកំពុងបន្តបង្រៀន និងរៀនតាមអនឡាញធម្មតា ហើយនៅក្នុងឆ្នាំសិក្សាថ្មីនេះ PSE ក៏បានត្រៀមបើកការទទួលសិស្សថ្មីចូលសិក្សាប្រមាណជាង២០០នាក់ បន្ថែមទៀតដែរ។
សម្រាប់សិស្ស និងយុវជនដែលចង់រៀនជំនាញទេសចរណ៍ ភាគច្រើនគឺគេចង់ជំរុញលើកកម្ពស់វិស័យទេសចរណ៍ និងការផ្តល់សេវាទេសចរណ៍ប្រកបគុណភាព និងភាពទាក់ទាញ នៅតាមអាជីវកម្មទេសចរណ៍នានា ជាពិសេសទេសចរណ៍ក្រោយវិបត្តិកូវីដ១៩ ហើយពេលបន្ទាប់ពួកគេនឹងធ្វើការអភិវឌ្ឍន៍ខ្លួន ដោយយកជំនាញនេះទៅប្រើប្រាស់ដើម្បីបើកអាជីវកម្មប្រកបរបរដោយខ្លួនឯងទៅថ្ងៃអនាគតផងដែរ។
លោក មាន វណ្ណដេត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ ថ្លែងថា បច្ចុប្បន្ន មន្ត្រីជំនាញក្រសួងទេសចរណ៍ បាននិងកំពុងពិនិត្យសំណើរនិងចុះវាយតម្លៃ ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP លើសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ចំនួនប្រមាណជាង ១៧សាលាទៀត ដែលបានស្នើសុំការអនុញ្ញាតបើកដំណើរសាលាទេសចរណ៍ឡើងវិញ នៅពេលឆាប់ៗ បន្តបន្ទាប់ទៀតនេះ៕
អត្ថបទ ស៊ុម សុខជា