ប្រជាជនភៀសខ្លួននៅភាគខាងត្បូងលីបង់ បានសម្រុកទៅលំនៅឋានរបស់ខ្លួនវិញ បន្ទាប់កងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ (១៨ កុម្ភៈ) បានដកខ្លួនចេញពីភូមិព្រំដែននៅភាគខាងត្បូងលីបង់ ក្រោមកាលបរិច្ឆេទកំណត់នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានបញ្ចប់សង្គ្រាមចុងក្រោយបង្អស់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ប៉ុន្តែកងកម្លាំងក៏បានបន្តស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រចំនួន៥ នៅក្នុងលីបង់។

ទោះជាយ៉ាងនេះក្ដី អ្នកភូមិភាគច្រើនបានបន្តការវិលត្រឡប់របស់ពួកគេ ដោយរង់ចាំការអនុញ្ញាតពីមាត់ផ្លូវដើម្បីចូលមើលផ្ទះសម្បែងរបស់ខ្លួន ខណៈមនុស្សជាច្រើនរុញច្រានចោលរបាំងផ្លូវដើម្បីសម្រុកចូល ហើយកន្លែងផ្សេងទៀត កងទ័ពបានអនុញ្ញាតឱ្យអ្នកស្រុកចូលទៅភូមិវិញ។

ផ្ទះសម្បែងជាច្រើនរបស់ពួកគេត្រូវបានរុះរើក្នុងអំឡុងពេលជម្លោះជាងមួយឆ្នាំ ឬក្នុងរយៈពេលពីរខែចុងក្រោយបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែវិច្ឆិកា នៅពេលដែលកងកម្លាំងអ៊ីស្រាអែល នៅតែកាន់កាប់តំបន់នោះ។

នៅក្នុងភូមិព្រំដែនមួយចំនួន ប្រជាពលរដ្ឋបានស្រឡាំងកាំងដោយការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ខណៈផ្ទះសម្បែងទាំងមូលត្រូវបានបំផ្លាញ ហើយអ្នកខ្លះលុតជង្គង់លើដីបួងសួងទាំងស្រក់ទឹកភ្នែក និងអស់សង្ឃឹមក្នុងការសាងសង់ឡើងវិញ៕