អាជីវកម្មនានាត្រូវបិទទ្វារ ហើយការដឹកជញ្ជូនសាធារណៈបានជាប់គាំងកាលពីថ្ងៃអង្គារ (១៨ កុម្ភៈ) នៅក្នុងតំបន់ជនបទ Choco របស់កូឡុំប៊ី ខណៈដែលក្រុមឧទ្ទាមមកពីកងទ័ពរំដោះជាតិ ឬហៅថាក្រុម ELN បានចាប់ផ្តើម "ការវាយប្រហារប្រដាប់អាវុធ" រយៈពេលបីថ្ងៃ ដែលបង្ខាំងជនស៊ីវិល នៅក្នុងផ្ទះសម្បែងរបស់ពួកគេ និងរឹតបន្តឹងសកម្មភាពពាណិជ្ជកម្ម។

ភាពតានតឹងនេះកើតឡើងនៅពេលដែលអំពើហិង្សាកាន់តែអាក្រក់ទៅៗនៅតំបន់ជនបទជាច្រើននៃកូឡុំប៊ី រួមទាំងតំបន់ Choco នៅភាគខាងលិច ជាទីដែលមនុស្ស ១.៦០០នាក់ត្រូវបានភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេក្នុងពេលពីរសប្តាហ៍កន្លងមក នេះបើយោងតាមការិយាល័យសិទ្ធិមនុស្សកូឡុំប៊ី។

ការវាយប្រហារដោយប្រដាប់អាវុធជារឿយៗធ្វើឱ្យបិទសាលារៀន និងសកម្មភាពខាងក្រៅនានា ហើយជនស៊ីវិលដែលប្រឆាំងនឹងបទបញ្ជារបស់ពួកឧទ្ទាម ត្រូវបានគំរាមកំហែងជាមួយនឹងការប្រហារជីវិត។

យោធាកូឡុំប៊ី បានថ្កោលទោសការវាយប្រហារនេះ ហើយបាននិយាយថា ក្រុម ELN កំពុងព្យាយាមមិនឱ្យជនស៊ីវិលធ្វើដំណើរតាមផ្លូវថ្នល់ និងផ្លូវទន្លេក្នុងតំបន់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនឧបករណ៍ដែលប្រើក្នុងអណ្តូងរ៉ែមាសខុសច្បាប់ និងដើម្បីផ្លាស់ទីការដឹកជញ្ជូនគ្រឿងញៀនរបស់ពួកគេ៕