ថ្វីបើអាកាសធាតុត្រជាក់ខ្លាំងក៏ដោយ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតី Donald Trump នៅរដ្ឋធានីវ៉ាស៊ីនតោន និងនៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ (១៧ កុម្ភៈ) ក្នុងទិវាប្រធានាធិបតី ដើម្បីតវ៉ាគោលនយោបាយ រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្មី ក្នុងការកាត់បន្ថយយ៉ាងខ្លាំងដល់ភ្នាក់ងាររដ្ឋាភិបាល និងការនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារ ដោយចូលរួមយុទ្ធនាការបាតុកម្ម “មិនមែនជាទិវាប្រធានាធីបតីយើង” នៅទូទាំងប្រទេស។

បាតុកម្មទាំងនោះក៏ប្រឆាំងនឹងគោលនយោបាយផ្សេងទៀតជាច្រើន ដូចជាក្រឹត្យលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្តូរភេទ និងការបង្កើនឥទ្ធិពលរបស់ Elon Musk នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយហ្វូងមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នាក្រោមអាកាសធាតុដ៏ត្រជាក់។

អ្នកដែលបានចូលរួមការតវ៉ាបាននិយាយថា "ថ្ងៃចន្ទគឺជាទិវាប្រធានាធិបតី ប៉ុន្តែពួកគេមានអារម្មណ៍ថាលោក Trump ដែលជាអ្នកកាន់តំណែងបច្ចុប្បន្ន មិនអាចតំណាងឱ្យប្រជាជនសហរដ្ឋអាមេរិកបានទេ"។

អ្នកផ្សេងទៀតបានចេញតវ៉ាសម្រាប់ហេតុផលសេដ្ឋកិច្ច ដោយរិះគន់រដ្ឋបាលលោក Trump សម្រាប់ការសន្យាថានឹងផ្តល់ជំនួយសេដ្ឋកិច្ច ប៉ុន្តែចាត់វិធានការតិចតួចណាស់ដើម្បីដោះស្រាយការលំបាកដែលមនុស្សជាច្រើនកំពុងជួបប្រទះនៅទូទាំងប្រទេស៕