អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជាងមួយលាននាក់ បានត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ ក្នុងប្រទេសស៊ីរី បន្ទាប់ពីលោក បាសា អាល់អាសាដ (Bashar al-Assad) ត្រូវបានទម្លាក់ពីអំណាច រួមទាំងជនភៀសខ្លួនចំនួន ២៨០.000នាក់ ដែលបានត្រឡប់មកពីបរទេសវិញ ផងដែរ។
លោក អាសាដ ត្រូវបានផ្តួលរំលំ នៅក្នុងខែធ្នូ ក្នុងការវាយលុករបស់ក្រុមឧទ្ទាម ដោយបញ្ចប់ការគ្រប់គ្រងអំណាចអស់ជាច្រើនទសវត្សរ៍របស់គ្រួសារលោក ក្នុងប្រទេសមជ្ឈិមបូព៌ា និងបានបង្កឲ្យមានសង្រ្គាម ស៊ីវិលដែលបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ ជាមួយនឹងការបង្ក្រាបយ៉ាងឃោរឃៅទៅលើការតវ៉ាប្រឆាំងរដ្ឋាភិបាល។
សង្គ្រាមស៊ីរី បានសម្លាប់មនុស្សជាងកន្លះលាននាក់ និងរាប់លាននាក់ភៀសខ្លួនពីផ្ទះសម្បែង។
ក្រុមឧទ្ទាមដឹកនាំដោយរដ្ឋឥស្លាម ដែលការវាយលុករបស់ពួកគេ បានបណ្តេញលោក អាសាដ ពីអំណច បានព្យាយាមធានាសហគមន៍អន្តរជាតិថា ពួកគេបានបញ្ចប់អតីតកាលរបស់ពួកគេ ហើយនឹងគោរពសិទ្ធិរបស់ជនជាតិភាគតិច។
លោក Filippo Grandi ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ចាប់តាំងពីការដួលរលំនៃរបបនៅក្នុងប្រទេសស៊ីរីមក យើងប៉ាន់ស្មានថា ជនភៀសខ្លួនស៊ីរី ២៨០.000នាក់ និងមនុស្សជាង ៨០០.000នាក់ដែលបានផ្លាស់ទីលំនៅ នៅក្នុងប្រទេសនេះ បានត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ»។