ចំនួនឧប្បត្តិហេតុប្រឆាំងមូស្លីម នៅក្នុងប្រទេសអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់ថ្មី ក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយអង្គការឃ្លាំមើល Tell MAMA ដែលបាននិយាយថា សង្រ្គាមនៅតំបន់ហ្សាបាន «ជំរុញយ៉ាងខ្លាំង» នូវការស្អប់តាមអ៊ីនធឺណិត។
អង្គការ Tell MAMA បានលើកឡើងថា ខ្លួនបានផ្ទៀងផ្ទាត់ករណីស្អប់ប្រឆាំងមូស្លីមចំនួន ៥.៨៣៧ករណី ដែលជាការរួមបញ្ចូលគ្នានៃឧប្បត្តិហេតុតាមអ៊ីនធឺណិតនិងដោយផ្ទាល់ កាលពីឆ្នាំមុន ធៀបនឹង ៣.៧៦៧ ករណីកាលពីឆ្នាំមុន និង ២.២០១ករណី ក្នុងឆ្នាំ ២០២២។
ទិន្នន័យរបស់អង្គការនេះ មានតាំងពីឆ្នាំ ២០១២ ហើយត្រូវបានចងក្រងដោយប្រើកិច្ចព្រមព្រៀងចែករំលែកទិន្នន័យ ជាមួយកងកម្លាំងនគរបាល នៅក្នុងប្រទេសអង់គ្លេស និង វេលស៍ (Wales)។
ក្រុមឃ្លាំមើលនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជម្លោះនៅមជ្ឈិមបូព៌ា បានជំរុញឲ្យ មានការស្អប់ខ្ពើមប្រឆាំងនឹងមូស្លីមតាមអ៊ីនធឺណិត» ដោយបន្ថែមថា «សង្គ្រាមអ៊ីស្រាអែល និងហ្កាហ្សា ឃាតកម្ម និងកុបកម្មនៅទីក្រុង Southport បានបង្កើតឲ្យមានការកើនឡើងនូវករណីស្អប់ប្រឆាំងនឹងមូស្លីម ដែលត្រូវបានរាយការណ៍ទៅដល់អង្គការ Tell MAMA ពីឆ្នាំ ២០២៣-២០២៤» ។
នាយកអង្គការ Tell MAMA លោកស្រី Iman Atta បានពណ៌នាការកើនឡើងនេះថា មិនអាចទទួលយកបាន និងព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អនាគត។ Tell MAMA ពិពណ៌នាខ្លួនឯងថា ជាអង្គការឯករាជ្យ និងមិនមែនរដ្ឋាភិបាល ដែលធ្វើការលើការដោះស្រាយការស្អប់ខ្ពើមប្រឆាំងនឹងមូស្លីម។