ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន (TSB) របស់ប្រទេសកាណាដា ប្រាប់ឲ្យដឹងថា ក្រុមមន្ត្រីបានរកឃើញឧបករណ៍ថតសំឡេង នៅកាប៊ីន និងឧបករណ៍ថតទិន្នន័យហោះហើររបស់យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលបានជួបឧបទ្ទវហេតុ និងក្រឡាប់ផ្ញាច្រងាង នៅអាកាសយានដ្ឋានអន្តរជាតិ Pearson កាលពីថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) ហើយបានបញ្ជូនប្រអប់ទាំងនោះទៅកាន់មន្ទីរពិសោធន៍ ដើម្បីធ្វើការវិភាគបន្ថែម។
តាមរយៈការធ្វើបច្ចុប្បន្នភាពនៅលើបណ្ដាញសង្គម YouTube កាលពីថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) លោក Ken Webster អ្នកស៊ើបអង្កេតមួយរូបរបស់ TSB បាននិយាយថា អ្នកស៊ើបអង្កេតជាង ២០នាក់ នៅតែស្ថិតនៅទីកន្លែងកើតឧបទ្ទវហេតុ ដោយពិនិត្យមើលបំណែកយន្តហោះ និងផ្លូវរត់ ធ្វើការសម្ភាសន៍ និងប្រមូលទិន្នន័យ ដើម្បីកំណត់ពីមូលហេតុ និងកត្តារួមចំណែក ដែលនាំឲ្យមានគ្រោះថ្នាក់នេះ។ លោក Webster បាននិយាយថា យន្តហោះ «បានប៉ះទង្គិច» ជាមួយផ្លូវរត់ ក្នុងអំឡុងពេលចុះចត មុនពេលដែលផ្នែកខ្លះនៃយន្តហោះ បានបែកចេញពីគ្នា ហើយអគ្គិភ័យបានកើតមានឡើង។

លោក Webster បានបន្តថា៖ «ដូចដែលអ្នកបានឃើញនៅទីនេះហើយ តួយន្តហោះបានងាកបន្តិចពីផ្នែកខាងស្តាំនៃផ្លូវរត់ ហើយក្រឡាប់ បែរក្បាលទៅទិសដៅផ្សេង»។ តែយ៉ាងក្ដី លោកបានបញ្ជាក់ថា៖ «នៅពេលនេះ វាគឺលឿនពេក ដែលមិនអាចនិយាយបានថា តើគ្រោះថ្នាក់នេះអាចបណ្ដាលមកពីមូលហេតុអ្វីនោះ»។
គួរបញ្ជាក់ថា តួយន្តហោះដែលមានសភាពខូចខាតខ្ទេចខ្ទីនោះ នៅតែស្ថិតនៅលើផ្លូវរត់ដដែល ខណៈក្រុមអ្នកស៊ើបអង្កេត បានចាប់ផ្តើមធ្វើការវិភាគលើបំណែក និងព័ត៌មានផ្សេង ដើម្បីរាវរកដើមហេតុដែលបណ្តាលឲ្យយន្តហោះមានឧបទ្ទវហេតុ រហូតនាំឲ្យមនុស្ស ២១នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
ប្រធាន និងជានាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិ Pearson លោកស្រី Deborah Flint បាននិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃអង្គារ រួមជាមួយអ្នកឆ្លើយតបគ្រាអាសន្ន ដោយពណ៌នាអំពីការឆ្លើយតបរបស់ពួកគេ ចំពោះឧបទ្ទវហេតុដ៏អាក្រក់ កាលពីរសៀលថ្ងៃចន្ទថា ជា «ការអនុវត្តបានយ៉ាងល្អប្រសើរ»។ ប៉ុន្តែក្នុងរយៈពេលជិត ២៤ម៉ោង ចាប់តាំងពីមានគ្រោះថ្នាក់នេះ ព័ត៌មានលម្អិត អំពីអ្វីដែលអាចបណ្តាលឲ្យកើតហេតុការណ៍នោះនៅមានតិចតួចណាស់៕

