បើយោងតាមឯកសារដែលត្រូវបានឃើញដោយសារព័ត៌មាន Bloomberg News បានបង្ហាញថា សហភាពអឺរ៉ុប (EU) កំពុងធ្វើការលើគំនិតផ្តួចផ្តើមមួយ ដើម្បីផ្តល់ដល់អ៊ុយក្រែននូវការគាំទ្រផ្នែកយោធាបន្ថែមទៀតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន សម្រាប់ឆ្នាំ២០២៥។
ឯកសារបានរៀបរាប់ថា គោលបំណង គឺដើម្បីបញ្ជូនគ្រាប់កាំភ្លើងធំយ៉ាងហោចណាស់ ១,៥លានគ្រាប់ ប្រព័ន្ធការពារដែនអាកាស មីស៊ីលវាយប្រហារទីតាំងជ្រៅៗយ៉ាងច្បាស់លាស់ និងយានដ្រូន ក៏ដូចជាការគាំទ្រ ចំពោះការបណ្តុះបណ្តាល និងបំពាក់គ្រឿងយុទ្ធោបករណ៍ផ្សេងៗដល់កងពលតូច និងពង្រឹងទំនាក់ទំនង រវាងឧស្សាហកម្មការពារជាតិរបស់ EU និងអ៊ុយក្រែន។
គួរបញ្ជាក់ថា EU បាន និងកំពុងប្រញាប់ប្រញាល់រៀបចំផែនការគាំទ្រដល់អ៊ុយក្រែន ផ្តល់ការធានាសន្តិសុខដល់ប្រទេសនេះ ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី និងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ផ្ដើមកំណត់ពេលចរចាជាមួយទីក្រុងមូស្គូ។
ប្រទេសមួយចំនួននៃប្លុកនេះ បានជួបប្រជុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) ដើម្បីចាប់ផ្តើមរៀបចំការឆ្លើយតបរបស់ពួកគេ បន្ទាប់ពីមន្ត្រីអាមេរិក នៅឯសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍មុន បាននិយាយក្នុងន័យបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា មានដែនកំណត់ ចំពោះចំនួន ដែលសហរដ្ឋអាមេរិកត្រៀមផ្ដល់ការគាំទ្រ៕