រដ្ឋមន្ត្រីការបរទេសចិន បានប្រាប់សមភាគីបូលីវីរបស់លោកថា ប្រទេសចិននឹងតែងតែជាមិត្ត និងជាដៃគូ «ដ៏ស្មោះត្រង់» របស់តំបន់អាមេរិកឡាទីន ខណៈដែលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន សម្លឹងដល់ការពង្រឹងជំហររៀងៗខ្លួន នៅក្នុងតំបន់ជាប្រវត្តិសាស្ត្រ ក្រោមដែនឥទ្ធិពលរបស់សហរដ្ឋអាមេរិក។
បើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា អំឡុងកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា៖ «អាមេរិកឡាទីន គឺជាផ្ទះរបស់ប្រជាជនអាមេរិកឡាទីន ហើយមិនមែនជាទីធ្លាក្រោយផ្ទះរបស់ប្រទេសណាមួយនោះទេ»។
ជាមួយគ្នានេះ លោក Wang បានប្រាប់រដ្ឋមន្ត្រីការបរទេសបូលីវី លោកស្រី Celinda Sosa ថា ប្រទេសចិនចង់លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រចិន-បូលីវីជាបន្តបន្ទាប់។
គួរបញ្ជាក់ថា បូលីវីដែលបានបង្កើតទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំងក្នុងឆ្នាំ១៩៨៥ ស្ថិតក្នុងចំណោមប្រទេសជាច្រើន នៅអាមេរិកខាងត្បូង ឬអាមេរិកឡាទីន ដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន តាមរយៈបំណុល និងការវិនិយោគ។ ហើយបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក បានឲ្យដឹងថា ប្រទេសសម្បូរធនធានមួយនេះ ជំពាក់ចិនដែលជាប្រទេសផ្តល់កម្ចីទ្វេភាគីធំជាងគេរបស់ពិភពលោកជាង ១,៧ពាន់លានដុល្លារ។
សហរដ្ឋអាមេរិក និងចិន ទំនងសម្លឹងដល់ការប្រជែងឥទ្ធិពលគ្នា នៅអាមេរិកកណ្តាល និងខាងត្បូង ក្នុងអាណត្តិទី២ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលគោលនយោបាយពន្ធថ្មីរបស់លោក កំពុងផ្ដល់ភាពច្របូកច្របល់ដល់ពិភពលោក ដោយការវិនិយោគរបស់ចិន ក្នុងតំបន់នេះ ជាពិសេសលើថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ប្រឈមនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក៕