ប្រធានាធិបតីប៉ូឡូញ កាលពីថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) បាននិយាយថា មន្ត្រីអាមេរិក បានធានាចំពោះរូបលោកថា ទីក្រុងវ៉ាស៊ីនតោនមិនមានបំណងកាត់បន្ថយចំនួនកងទ័ព នៅអឺរ៉ុបខាងកើតនោះទេ ដោយការលើកឡើងនេះ បានកើតមានអំឡុងពេលលោកបានផ្តល់សេចក្តីថ្លែងការណ៍ទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីបានជួបជាមួយលោកឧត្តមសេនីយ៍ Keith Kellogg បេសកជនទទួលបន្ទុកកិច្ចការអ៊ុយក្រែនរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។
ភាពប្រាកដប្រជាជាយូរយារណាស់មកហើយ អំពីតួនាទីរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការធានាសន្តិសុខ នៅអឺរ៉ុប ត្រូវបានបញ្ចប់កាលពីសប្តាហ៍មុន ហើយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រាប់សន្និសីទសារព័ត៌មាន នៅប្រទេសប៉ូឡូញថា សម្ព័ន្ធមិត្តណាតូមិនអាចជឿជាក់ថា សហរដ្ឋអាមេរិកនឹងមានវត្តមាននៅទ្វីបអឺរ៉ុបជារៀងរហូតនោះទេ។
តែជាយ៉ាងណាក្ដី បន្ទាប់ពីមានកិច្ចប្រជុំជាមួយលោកឧត្តមសេនីយ៍ Kellogg នាថ្ងៃទី១៧ ខែកុម្ភៈ និងលោក Hegseth កាលពីថ្ងៃទី១៤ ខែកុម្ភៈ ប្រធានាធិបតីលោក Andrzej Duda បានព្យាយាមផ្ដល់ការធានាដល់ប្រជាជនប៉ូឡូញ អំពីផែនការរបស់ទីក្រុងវ៉ាស៊ីនតោន។
លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «យើងត្រូវបានធានាថា អាមេរិកពិតជាគ្មានចេតនាកាត់បន្ថយសកម្មភាព នៅទីនេះ នៅក្នុងផ្នែកនៃទ្វីបអឺរ៉ុបរបស់យើង ជាពិសេសផ្នែកសន្តិសុខ ដោយការកាត់បន្ថយចំនួនទាហានអាមេរិកនោះឡើយ»៕