ប្រធានាធិបតីលោក Volodymyr Zelenskiy ត្រូវបានដកស្រង់សម្តី នៅថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) ដែលបាននិយាយថា សំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងដ៏សំខាន់ ពាក់ព័ន្ធនឹងធនធានរ៉ែ គឺមិនយុត្តិធម៌ទេ ព្រោះវាមិនបានរួមបញ្ចូលការធានាសន្តិសុខ ហើយលោកមិនចង់ឲ្យអ៊ុយក្រែនក្លាយជាមជ្ឈមណ្ឌល ដើម្បីទាញយកវត្ថុធាតុដើមនោះឡើយ។
កាលពីសប្តាហ៍មុន ទីក្រុងគីវបានបញ្ជូនឲ្យទីក្រុងវ៉ាស៊ីនតោននូវឯកសារកែសម្រួលនៃសេចក្តីព្រាងកិច្ចព្រមព្រៀងដែលអាចបើកឲ្យមានការវិនិយោគរបស់សហរដ្ឋអាមេរិក ចំពោះធនធានរ៉ែដ៏សំខាន់របស់ខ្លួន ដោយការធ្វើបែបនេះមានគោលបំណងឲ្យទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក ចំពេលមានការព្រួយបារម្ភ នៅទីក្រុងគីវ លើកំណែមុននេះរបស់សហរដ្ឋអាមេរិក។
បន្ទាប់ពីមានកិច្ចពិភាក្សា នៅទីក្រុងអង់ការ៉ា ប្រទេសទួរគី លោក Zelenskiy ត្រូវបានដកស្រង់សម្តីដែលកាលពីថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) បានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយទួរគីមួយចំនួនថា៖ «ខ្ញុំបាននិយាយថា ឯកសារនេះមិនទាន់រួចរាល់នៅឡើយទេ យើងនឹងមិនចុះហត្ថលេខាលើឯកសារនេះទេ ហើយអ្នកត្រូវបន្តធ្វើការលើឯកសារនេះទៀត»។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បានដកស្រង់សម្ដីរបស់លោក ដែលបាននិយាយថា៖ «ខ្ញុំតែងតែបើកចំហឲ្យមានអ្នកវិនិយោគនៅក្នុងប្រទេសរបស់យើង ក្នុងធនធានធម្មជាតិរបស់យើង ប៉ុន្តែប្រសិនបើយើងផ្តល់អ្វីមួយ យើងត្រូវទទួលបានអ្វីមួយមកវិញ។ យើងមិនចង់ក្លាយជាមជ្ឈមណ្ឌល ដើម្បីទាញយកវត្ថុធាតុដើម សម្រាប់ទ្វីបណាមួយឡើយ»។
គួរបញ្ជាក់ថា លោក Zelenskiy បានដាក់ចេញនូវក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅខែនេះ។ ធនធានរ៉ែ នៅក្នុងកិច្ចពិភាក្សានេះ នឹងរួមបញ្ចូលរ៉ែកម្រជាច្រើនប្រភេទ ក៏ដូចជាទីតានីញ៉ូម អ៊ុយរ៉ាញ៉ូម និងលីចូម ក្នុងចំណោមធនធានផ្សេងៗទៀត៕