អ្នកការទូតសហភាពអឺរ៉ុប (EU) បានប្រាប់ឲ្យដឹងថា បេសកជន EU នៅថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) នេះ បានព្រមព្រៀងចេញកញ្ចប់ទណ្ឌកម្មទី១៦ ប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលក្នុងនោះរួមមានទាំងការហាមឃាត់លើការនាំចូលសារធាតុអាលុយមីញ៉ូមដ៏សំខាន់ ការលក់ម៉ាស៊ីនលេងហ្គេមកម្សាន្ត និងការចុះបញ្ជីកងនាវាស្រមោលចំនួន ៧៣គ្រឿង។
កញ្ចប់ទណ្ឌកម្មដែលភាគច្រើនស្របតាមគណៈកម្មការអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តដោយរដ្ឋមន្ត្រីការបរទេសរបស់ EU នាថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីប្រារព្ធខួប ៣ឆ្នាំនៃការលុកលុយទ្រង់ទ្រាយរបស់រុស្ស៊ីលើអ៊ុយក្រែន។
បម្រាមលើការនាំចូលអាលុយមីញ៉ូម នឹងត្រូវបានចាប់ផ្ដើមមានប្រសិទ្ធភាពបន្តិចម្ដងក្នុងរយៈពេល ១ឆ្នាំ ចាប់ពីការអនុម័តកញ្ចប់ទណ្ឌកម្មនេះជាផ្លូវការ ដោយមានបន្ថែមបុគ្គលចំនួន ៤៨រូប និងអង្គភាពចំនួន ៣៥ ទៅក្នុងបញ្ជីទណ្ឌកម្ម ដែលរួមមានការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់មិនឲ្យធ្វើដំណើរជាដើម។
ដំណើរការដាក់ទណ្ឌកម្មចុងក្រោយរបស់ EU កើតមានឡើងបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (ទី១៧ ខែកុម្ភៈ) បានប្រាប់ថា ខ្លួនបានយល់ព្រមចរចាបន្ថែមទៀតជាមួយរុស្ស៊ី ស្តីពីការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន បន្ទាប់ពីមានកិច្ចប្រជុំដំបូងដែលមិនរាប់បញ្ចូលទីក្រុងគីវ ជាការចាកចេញពីវិធីសាស្រ្តពីមុនរបស់ទីក្រុងវ៉ាស៊ីនតោន ដែលតែងបានប្រមូលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាឲ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ស្ថិតក្នុងស្ថានភាពឯកោ៕