ក្រសួងសុខភាពសាធារណៈ កាលពីថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា ករណីជំងឺផ្ដាសាយសរុបចំនួន ១០៧.៥៧០នាក់ ត្រូវបានកត់ត្រានៅប្រទេសថៃ រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៥ ហើយមនុស្ស ៩នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ។
អ្នកនាំពាក្យនាយកដ្ឋានគ្រប់គ្រងជំងឺ លោកស្រីវេជ្ជបណ្ឌិត Jurai Wongsawat បាននិយាយថា អ្នកជំងឺថ្មី បានកើនឡើងប្រហែល ១៥.០០០នាក់ ក្នុងមួយសប្តាហ៍ ធៀបនឹង ១០.០០០នាក់ ក្នុងមួយសប្តាហ៍ អំឡុងពេលដូចគ្នា នៅឆ្នាំ២០២៤។
ចំនួនឆ្លងខ្ពស់បំផុត ត្រូវបានរកឃើញក្នុងចំណោមកុមារដែលមានអាយុ ចន្លោះពី ៥ ទៅ ៩ឆ្នាំ បន្ទាប់មកគឺកុមារអាយុក្រោម ៤ឆ្នាំ និងកុមារដែលមានអាយុចន្លោះពី ១០ ទៅ ១៤ឆ្នាំ។ វីរុសដែលត្រូវបានរកឃើញទូទៅបំផុត គឺ A/H1N1 (វីរុសដែលរាលដាលក្នុងឆ្នាំ២០០៩)។
ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត Jurai បានបន្ថែមថា ក្នុងចំណោមអ្នកស្លាប់ទាំង ៩នាក់ គឺអ្នកក្មេងជាងគេអាយុ ១១ឆ្នាំ និងចាស់ជាងគេវ័យ ៨៦ឆ្នាំ។ អ្នកស្លាប់ទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ។
ខេត្តឆ្លងខ្ពស់ជាងគេទាំង ១០ ដែលបានរាយការណ៍ករណីជំងឺគ្រុនផ្តាសាយ គឺ Phayao, Lamphun, Chiang Rai, Phuket, Chiang Mai, Lampang, Bangkok, Nan, Ubon Ratchathani និង Nonthaburi ។ អត្រាឆ្លងខ្ពស់បំផុតត្រូវបានរាយការណ៍នៅសាលារៀន ពន្ធនាគារ និងបន្ទាយយោធា៕