ក្រសួងការបរទេសឥណ្ឌា និយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌា និងកាតា បានកំណត់គោលដៅពង្រីកវិស័យពាណិជ្ជកម្មរបស់ពួកគេកើនឡើងទ្វេដងរហូតដល់ ២៨ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំក្រោយ ហើយនិងពិនិត្យមើលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។
ប្រទេសទាំង ២ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃអង្គារថា កាតាប្តេជ្ញាចិត្តវិនិយោគទុននូវទឹកប្រាក់ ១០ពាន់លានដុល្លារនៅប្រទេសឥណ្ឌាលើវិស័យជាច្រើន បន្ទាប់ពីព្រះមហាក្សត្រកាតាព្រះអង្គម្ចាស់ Emir Sheikh Tamim bin Hamad Al-Thani យាងបំពេញទស្សនកិច្ចមកកាន់រដ្ឋធានីញូវដែល្លី ។
វាគឺជាការយាងដំណើរទស្សនកិច្ចលើកដំបូងដោយព្រះចៅមហាម៉ាត់កាតា មកកាន់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ក្នុងរយៈពេល ១០ឆ្នាំ ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កាតានឹងវិនិយោគទុនទឹកប្រាក់ ១០ពាន់លានដុល្លារនៅឥណ្ឌាលើហេដ្ឋារចនាសម្ព័ន្ធថាមពល បច្ចេកវិទ្យា ផលិតកម្ម សន្តិសុខស្បៀង ភស្តុភារ បដិសណ្ឋារកិច្ច និងវិស័យជាច្រើនទៀត ។
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ មានចំនួន ១៨,៧៧ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ដែលបញ្ចប់ត្រឹមខែមីនា ឆ្នាំ ២០២៣ ដែលភាគច្រើនលើការនាំចូលឧស្ម័នធម្មជាតិរាវពីប្រទេសកាតា ។ កាតារាប់បញ្ចូលស្មើនឹងជាង ៤៨ភាគរយនៃការនាំចូលឧស្ម័ន LNG របស់ឥណ្ឌានៅឆ្នាំនោះ ។
ប្រទេសទាំង ២ បាននិយាយផងដែរថា ពួកគេនឹងធ្វើការ ដើម្បីធ្វើឲ្យល្អប្រសើរឡើងកិច្ចសហប្រតិបត្តិការថាមពល រួមទាំងការវិនិយោគទៅវិញទៅមកលើហេដ្ឋារចនាសម្ព័ន្ធថាមពល ក៏ដូចជាសំឡឹងមើលការបង្កើតពាណិជ្ជកម្មទ្វេភាគីនៅក្នុងរូបិយប័ណ្ណរៀងៗខ្លួន ៕