អង់គ្លេស៖ សម្រាប់ពេលវេលាដំបូង ទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេសបានបើកបំភ្លឺភ្លើងពណ៌ណូអែល ចម្រុះយ៉ាងស្រស់ស្អាតដើម្បីអបអរពិធីបុណ្យណូអែលឬ Christmas នៅលើវិថីចំនួន ២០ នៅក្នុងពេលដំណាលគ្នា។ អាជីវកម្មផ្សេងៗរំពឹងថាទិដ្ឋភាពដ៏ស្រស់សោភានេះ នឹងជួយជំរុញប្រជាពលរដ្ឋទូទៅកាន់តែច្រើនចូលទៅកាន់តំបន់ផ្សារទំនើបនានា របស់រដ្ឋធានីចក្រភពអង់គ្លេសដើម្បីស្ដារចំនួនភ្ញៀវអន្តរជាតិចូលទៅទស្សនាឡើងវិញ។

ចាប់តាំងពីថ្ងៃទី១២ ខែវិច្ឆិកាមក វិថីជាល្បីៗជានិមិត្តរូបចំនួន ២០ របស់ទីក្រុងឡុងដ៍បានបើកបំភ្លឺភ្លើងត្រៀមទទួលបុណ្យណូអែលនៅក្នុងពេលដូចៗគ្នា។ នេះជាលើកដំបូងសម្រាប់រដ្ឋធានីរបស់ចក្រភពអង់គ្លេស ដែលជាធម្មតាគេតែងតែបំភ្លឺភ្លើងនៅតាមវិថីប្រជុំដោយផ្សារទំនើបផ្សេងៗ ដាច់ដោយឡែកពីគ្នានៅមុខបុណ្យ Christmas។ ប្រធានគោលដៅផ្សារលោក Mark Williams បាននិយាយថា អំពូលភ្លើងទាំងនេះដើរតួនាទីសំខាន់ណាស់នៅក្នុងទីក្រុងឡុងដ៍។ ការតែងលម្អអំពូលភ្លើងបុណ្យណូអែលគឺជាផ្នែកមួយដ៏មានសារៈសំខាន់ណាស់ ។ មនុស្សម្នាតែងទន្ទឹងរង់ចាំគយគន់ទេសភាពនាពេលរាត្រីនោះ។ ហើយភ្ញៀវទេសចរនឹងមកកាន់ទីនេះម្ដងទៀត ពួកគេចង់ឃើញទិដ្ឋភាពទាំងនេះ។

នៅក្នុងឧទ្យាន Covent Garden ផ្សារ និងតំបន់ព័ទ្ធជុំវិញត្រូវបានរៀបចំសម្រាប់រដូវកាលសម្រាកថ្ងៃបុណ្យណូអែល។ ដើមឈើ Christmas កម្ពស់ ១៧ម៉ែត្របានស្វាគមន៍ភ្ញៀវទេសចរបំពាក់ដោយអំពូលភ្លើងតូចធំចំនួន ៣០,០០០គ្រាប់៕
អត្ថបទ៖ សុខមាន