ក្រុមមន្រ្តីក្នុងស្រុក និយាយនៅថ្ងៃពុធនេះថា ការវាយប្រហារដោយយានដ្រូនរុស្ស៊ីលើតំបន់ភាគខាងត្បូង Odesa ប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្ស ៤នាក់រងរបួស រួមទាំងកុមារម្នាក់ផងដែរ ហើយនិងបណ្តាលឲ្យដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ។
អភិបាលតំបន់ Odesa លោក Oleh Kiper និយាយថា ការវាយប្រហារដ៏ខ្លាំងក្លានេះ បានធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងសាលាមតេយ្យសិក្សាមួយកន្លែង គ្លីនិកកុមារ និងបង្អួចនៅលើអគារខ្ពស់ៗ ។
ចំណែកឯអភិបាលក្រុង Odesaលោក Hennadiy Trukhanov និយាយថា ក្រុមការងារថាមពល បានធ្វើការវាយតម្លៃពីផលវិបាកសម្រាប់ខណ្ឌមួយក្នុងចំណោមខណ្ឌធំបំផុតនៅក្នុងទីក្រុងរបស់លោក ក្នុងនោះពលរដ្ឋ ២៥ម៉ឺនាក់ បាត់បង់ថាមពល និងប្រព័ន្ធកម្តៅ ។
លោកបន្តថា អគារ ៥០០ខ្នង សាលារៀន ១៤កន្លែង និងសាលាមតេយ្យសិក្សា ១៣កន្លែង រងផលប៉ះពាល់ ស្របពេលដែលសីតុណ្ហភាពនៅក្នុងទីក្រុង បានធ្លាក់ចុះដល់ក្រោម ៦អង្សាសេនៅពេលព្រឹកព្រលឹម ។
លោក Trukhanov និយាយទៀតថា ស្ថានភាពគ្មានប្រព័ន្ធកម្តៅ ពិតជាពិបាកខ្លាំងណាស់ ផ្អែកលើការវាយតម្លៃដំបូង ហើយលោកបានប្រកាសថា សាលារៀន និងសាលាមតេយ្យសិក្សានៅក្នុងខណ្ឌរងផលប៉ះពាល់ មិនត្រូវធ្វើការនោះទេនៅថ្ងៃពុធនេះ ។
សូមបញ្ជាក់ថា តំបន់ Odesa បានក្លាយជាគោលដៅវាយប្រហារជាញឹកញាប់របស់រុស្ស៊ីនៅក្នុងសង្រ្គាមរយៈពេលជិត ៣ឆ្នាំកន្លងមកនេះ ជាពិសេសទីតាំងអគារនៅតាមកំពង់ផែ និងជុំវិញទីក្រុង ៕