ឆ្មាំស៊ីវិល នៅថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា នគរបាលអេស្ប៉ាញបានចាប់ខ្លួនសមាជិកនាវិកចំនួន ៧នាក់នៃទូកដឹកជនអន្តោប្រវេសន៍យ៉ាងច្រើនកកកុញដែលបានទៅដល់ប្រជុំកោះ Canary កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីចាកចេញពីប្រទេសសេណេហ្គាល់ ដោយពួកគេត្រូវបានបចោទប្រកាន់ថា បានសម្លាប់អ្នកដំណើរ ៨នាក់ ក្នុងនោះរួមទាំងកូនក្មេងដែលទើបចេះដើរតេះតះផងដែរ។
គួររំលឹកថា នគរបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ទូកបានទៅដល់កំពង់ផែ La Restinga ក្នុងកោះ El Hierro កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានមនុស្សចំនួន ២២៤នាក់ ជិះនៅលើនោះ ដែលខ្លះត្រូវបានព្យាបាលភ្លាមៗ ដោយសាររបួសធ្ងន់ធ្ងរ ដែលប្រហែលមកពីមានជម្លោះ ក្នុងអំឡុងពេលធ្វើដំណើររយៈពេល ៧ថ្ងៃ។
អ្នកដំណើរបានប្រាប់អ្នកស៊ើបអង្កេតថា មនុស្ស ៨នាក់ដែលធ្វើដំណើរជាមួយពួកគេ ត្រូវបានសម្លាប់ដោយសមាជិកក្រុមនាវិក។ តុលាការ នៅប្រជុំកោះ Canary ដែលបានដំណើរការករណីរបស់អ្នកត្រូវបានចាប់ខ្លួន ៣នាក់ បានប្រាប់ឲ្យដឹងថា មានភស្តុតាងដែលបង្ហាញថា នាវិកបានកំណត់គោលដៅជាពិសេសទៅលើមនុស្សដែលមានសញ្ជាតិផ្សេងៗគ្នាពីពួកគេ។
ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺក្មេងប្រុសសញ្ជាតិហ្គំប៊ីទើបបាន ១៤ខែ ព្រមទាំងឪពុក និងកូនប្រុសសញ្ជាតិហ្គីណេដែលមានវ័យ ៥០ឆ្នាំ និង ១៨ឆ្នាំ។ អាជ្ញាធរអេស្ប៉ាញ នឹងមិនបង្ហាញថា តើក្រុមនាវិកមកពីណានោះទេ។ នគរបាលបានប្រាប់ថា ជនសង្ស័យទាំង ៧នាក់ ត្រូវបានបញ្ជូនទៅឃុំនៅក្នុងពន្ធនាគារ រង់ចាំការស៊ើបអង្កេតបន្ថែមទៀត៕