លោក Keith Kellogg ដែលជាបេសកជនទទួលបន្ទុកកិច្ចការអ៊ុយក្រែនរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានទៅដល់ទីក្រុងគីវហើយ នៅថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) នេះ ដើម្បីជួបជាមួយប្រធានាធិបតី លោក Volodymyr Zelenskiy ហើយ «ស្តាប់» ការរៀបរាប់ពីស្ថានការណ៍ ក្នុងប្រទេសនេះ ខណៈដែលសង្រ្គាមជាមួយរុស្ស៊ី ជិតគ្រប់រយៈពេល ៣ឆ្នាំ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Kellogg ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងរុស្ស៊ី បានជួបប្រជុំគ្នា នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាម ដោយមិនមានវត្តមានរបស់អ៊ុយក្រែន។
អមដោយការបន្ថែមថា កិច្ចពិភាក្សានឹងបង្កើតបានការសន្ទនា នាចុងសប្តាហ៍ នៅឯសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ លោក Kellogg បាននិយាយថា៖ «វានឹងផ្តល់ឲ្យយើងនូវឱកាស ដើម្បីមានកិច្ចពិភាក្សាយ៉ាងច្រើនជាបន្តបន្ទាប់»។ លោកបានប្រាប់អ្នកសារព័ត៌មានថា «យើងយល់ពីតម្រូវការឲ្យមានការធានាសន្តិសុខ» ដោយបញ្ជាក់បន្ថែមថា ផ្នែកនៃបេសកកម្មរបស់លោកគឺ «អង្គុយស្តាប់» ការរៀបរាប់អំពីស្ថានការណ៍។
អ៊ុយក្រែនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីតម្រូវការឲ្យមានការធានាសន្តិសុខពីសហរដ្ឋអាមេរិក ដែលនឹងរារាំងរុស្ស៊ីមិនឲ្យចាប់ផ្តើមការលុកលុយជាថ្មី នៅពេលកិច្ចព្រមព្រៀងសន្តិភាពសម្រេចបាន។ លោក Kellogg បានប្រាប់ថា លោកនឹងចែករំលែកព័ត៌មានជាមួយលោក Trump និងក្រុមផ្សេងទៀត ដើម្បី «ធានាឲ្យបានថា ការសម្រេចយ៉ាងត្រឹមត្រូវ ត្រូវបានធ្វើឡើង»៕