ប្រទេសរុស្ស៊ី ដូចជាលោកប្រធានាធិបតីអាមេរិក Donald Trump ដែរ គឺចង់បានធនធានធម្មជាតិរបស់អ៊ុយក្រែន ហើយនៅលើសមរភូមិ កងកម្លាំងរបស់ទីក្រុងមូស្គូ កំពុងវាយរុញលើតំបន់រ៉ែលីចូមដ៏ធំមួយ។

លោក Trump បាននិយាយនៅក្នុងខែនេះថា លោកចង់ឱ្យទីក្រុងគីវ ប្រគល់នូវបរិមាណដ៏ច្រើននៃសារធាតុរ៉ែសំខាន់ៗរបស់ខ្លួនជាថ្នូរនឹងការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក ដោយជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymr Zelenskiy ប្រកាសថា "នឹងធ្វើកិច្ចព្រមព្រៀងមួយ"។

ប៉ុន្តែខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ រៀបចំសម្រាប់កិច្ចចរចាក្នុងគោលបំណងបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំ ការពិតពេលនេះគឺថាជាលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទេដែលកំពុងកាន់កាប់ឃ្លាំងធនធានរបស់អ៊ុយក្រែន។
ទិន្នន័យប្រភពបើកចំហពីប្លុកយោធាអ៊ុយក្រែន Deep State បានបង្ហាញថា កងកម្លាំងរុស្ស៊ីដែលបានដណ្ដើមយកមួយភាគប្រាំនៃអ៊ុយក្រែនរួចទៅហើយនោះ រួមទាំងទុនបំរុងនៃរ៉ែកម្រជាច្រើន ឥឡូវនេះមានចម្ងាយតិចជាង ៦គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់រ៉ែលីចូម Shevchenko ហើយកំពុងវាយរុលទៅមុខពីទីតាំងបីផ្សេងគ្នា។

លីចូមគឺជាធនធានសកលលោកដែលចង់បាន ដោយសារតែអត្ថប្រយោជន៍ប្រើប្រាស់ដ៏លើសលប់នៅក្នុងឧស្សាហកម្ម និងបច្ចេកវិទ្យាជាច្រើន រាប់ចាប់ពីទូរសព្ទចល័ត រហូតដល់រថយន្តអគ្គិសនី៕