ទំនាក់ទំនងរវាងប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyyនិងប្រធានាធិបតីអាមេរិក DonaldTrump កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សកាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈលោកZelenskyy និយាយថាលោក Trump កំពុងរស់នៅក្នុងពិភពព័ត៌មានមិនពិត បង្កើតឡើងដោយរុស្ស៊ីហើយលោក Trump បានហៅលោក Zelenskyy ថាជា "ជនផ្តាច់ការដោយគ្មានការបោះឆ្នោត" ក្នុងការលើកឡើងដែលប្រាកដថានឹងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម។

លោក Zelenskyy ក៏បាននិយាយផងដែរថារូបលោកចង់ឱ្យក្រុមការងាររបស់លោក Trump មានភាពស្មោះត្រង់កាន់តែខ្លាំង ខណៈលោកបានផ្តល់ការឆ្លើយតបដំបូងចំពោះការអះអាងជាបន្តបន្ទាប់ដែល លោកTrump បានធ្វើជាមួយរុស្ស៊ី កាលពីថ្ងៃអង្គារសប្ដាហ៍នេះ រួមទាំងការលើកឡើងមិនពិតដែលថា Kyivត្រូវស្តីបន្ទោសថាជាដើមចមនាំឲ្យផ្ទុះសង្រ្គាមដែលនឹងឈានចូលឆ្នាំទី៤នៅសប្តាហ៍ក្រោយ។

ការអត្ថាធិប្បាយនេះគឺជាការស្ដីបន្ទោសគ្នាទៅវិញទៅមកដ៏គួរឲ្យភ្ញាក់ផ្អើលរវាងមេដឹកនាំនៃប្រទេសទាំងពីរដែលជាសម្ព័ន្ធមិត្តរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក្រោមការដឹកនាំរបស់លោកBiden ។ខណៈអតីតប្រធានាធិបតីលោក Joe Biden គ្រប់គ្រងសេតវិមាន សហរដ្ឋអាមេរិកបានផ្តល់គ្រឿងយុទ្ធោបករណ៍សំខាន់ៗដល់ទីក្រុង Kyiv ដើម្បីការពារការវាយលុក និងប្រើប្រាស់ទម្ងន់នយោបាយរបស់ខ្លួនការពារអ៊ុយក្រែន និងកាត់ផ្តាច់រុស្ស៊ីពីឆាកពិភពលោក។

លោក Trump បានរិះគន់លោក Zelenskyyក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ទំនងជាសំដៅទៅលើការពិតដែលថាអ៊ុយក្រែនបានពន្យារពេលការបោះឆ្នោតដោយសារតែការលុកលុយ និងការដាក់ច្បាប់អាជ្ញាសឹកជាបន្តបន្ទាប់ស្របតាមរដ្ឋធម្មនុញ្ញអ៊ុយក្រែន។ លោក Trump បានស្នើអ៊ុយក្រែនគួរតែរៀបចំការបោះឆ្នោត៕
