ការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos បានរកឃើញថា អត្រាគាំទ្ររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្លាក់ចុះបន្តិចក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈប្រជាជនអាមេរិក កាន់តែច្រើនព្រួយបារម្ភអំពីទិសដៅនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ក្នុងពេលដែលមេដឹកនាំថ្មីរូបនេះបានគំរាមកំហែងដល់ប្រទេសជាច្រើនជាមួយនឹងការដំឡើងពន្ធ។

ការស្ទង់មតិរយៈពេល ៦ថ្ងៃដែលបានបិទកាលពីថ្ងៃអង្គារ (១៨ កុម្ភៈ) នេះបានបង្ហាញថា មានតែតួលេខ ៤៤% ប៉ុណ្ណោះនៃអ្នកឆ្លើយតប បានគាំទ្រលើកិច្ចការដែលលោក Trump កំពុងធ្វើក្នុងនាមជាប្រធានាធិបតី ដោយធ្លាក់ចុះពី ៤៥% ក្នុងការស្ទង់មតិពីមុនរបស់ Reuters/Ipsos ដែលធ្វើឡើងនៅថ្ងៃទី ២៤-២៦ ខែមករា។

អត្រាគាំទ្រ ឬប្រជាប្រិយភាពរបស់លោក Trump ស្ថិតនៅតួលេខ ៤៧% នៅក្នុងការស្ទង់មតិកាលពីថ្ងៃទី២០-២១ ខែមករា ដែលធ្វើឡើងក្នុងពេលប៉ុន្មានម៉ោងបន្ទាប់ពីការវិលត្រឡប់របស់មេដឹកនាំមកពីបក្សសាធារណរដ្ឋរូបនេះទៅកាន់សេតវិមាន។
ភាគរយនៃជនជាតិអាមេរិក ដែលមិនពេញចិត្តនឹងតំណែងប្រធានាធិបតីរបស់លោក បានហក់ឡើងយ៉ាងខ្លាំងដល់ ៥១% ក្នុងការស្ទង់មតិចុងក្រោយនេះ ធៀបនឹង ៤១% បន្ទាប់ពីលោកទើបកាន់តំណែង។

តួលេខនៃជនជាតិអាមេរិកដែលគិតថាសេដ្ឋកិច្ចកំពុងដើរលើផ្លូវខុស បានកើនឡើងដល់ ៥៣% ក្នុងការស្ទង់មតិចុងក្រោយនេះ កើនពីកម្រិត ៤៣% នៅក្នុងការស្ទង់មតិថ្ងៃទី ២៤-២៦ ខែមករា។ អត្រាគាំទ្រជាសាធារណៈលើការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក Trump បានធ្លាក់ចុះដល់ ៣៩% ពីតួលេខ ៤៣% នៅក្នុងការស្ទង់មតិមុនៗ៕