លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃពុធ ១៩កុម្ភៈ ថា លោកនឹងប្រកាសពន្ធពាក់ព័ន្ធនឹងឈើ រថយន្ត គ្រឿងអេឡិចត្រូនិក និងឱសថ នៅខែក្រោយ ឬឆាប់ជាងនេះ។

លោក Trump បាននិយាយនៅក្នុងសន្និសីទនៅទីក្រុង មៃអាមី (Miami)ថា លោកនឹងប្រកាសការដំឡើងពន្ធលើរថយន្ត និងឧបករណ៍អេឡិចត្រូនិក និងបន្ទះឈីប ឱសថ និងឈើ ហើយអាចមានលើផលិតផលមួយចំនួនទៀតនៅខែក្រោយ ឬឆាប់ជាងនេះ តែលោកពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែកុម្ភៈថា លោកមានបំណងដំឡើងពន្ធបន្ថែមលើរថយន្ត ចំនួន២៥ភាគរយ និងពន្ធស្រដៀងគ្នាលើការនាំចូល គ្រឿងអេឡិចត្រូនិក និងឱសថ ជាវិធានការចុងក្រោយបន្តបន្ទាប់ ដែលកំពុងគំរាមកំហែងដល់ការដួលរលំពាណិជ្ជកម្មអន្តរជាតិ។

ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីជាថ្មីកាលពីថ្ងៃទី ២០ ខែមករា២០២៥នេះ លោក Trump បានបញ្ឆេះសង្រ្គាមពន្ធជាច្រើន និងបានគំរាមកំហែងកាន់តែញឹកញាប់បន្ថែមទៀតក្នុងការយកពន្ធលើទំនិញនាំចូល។
ការដំឡើងពន្ធទាំងនោះរាប់ចាប់ពីប្រភេទទំនិញសំខាន់ៗ ជាការដំឡើងពន្ធលក្ខខណៈសកលលើទំនិញនាំចូលពីបរទេស រហូតដល់ទំនិញដែលសំដៅលើវិស័យជាក់លាក់ ពីតំបន់ ឬប្រទេសនានា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យប្រទេសផ្សេងទៀតបំពេញតាមតម្រូវការគោលនយោបាយរបស់លោក។
ការគំរាមកំហែងរបស់លោក Trump បង្កឲ្យមានការផ្លាស់ប្តូរខ្លាំង ដែលធ្វើឲ្យប្រទេស និងធុរកិច្ចផ្សេងទៀតមិនច្បាស់លាស់អំពីអ្វីដែលនឹងកើតឡើងបន្ទាប់ទៀត។ក្រុមសេដ្ឋវិទូ និងអ្នកជំនាញមួយចំនួនបានព្រមានថា សង្គ្រាមពន្ធរបស់លោក Trump នឹងបង្កឱ្យមានអតិផរណា និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល៕