អង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃពុធ (១៩ កុម្ភៈ) ថា យុទ្ធនាការទ្រង់ទ្រាយធំមួយដើម្បីចាក់វ៉ាក់សាំងកុមារប្រឆាំងនឹងជំងឺស្វិតដៃជើងនៅតំបន់ហ្កាហ្សា នឹងបន្តនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយដាក់គោលដៅលើកុមារជាងកន្លះលាននាក់។

សេចក្តីថ្លែងការណ៍របស់ WHO បាននិយាយថា "បរិយាកាសអាប់អួរបច្ចុប្បន្ននៅហ្កាហ្សា រួមទាំងហ្វូងមនុស្សលើសលប់ក្នុងទីជម្រក និងហេដ្ឋារចនាសម្ព័ន្ធទឹក និងអនាម័យដែលបានខូចខាតយ៉ាងធ្ងន់ធ្ងរ អាចចម្លងមេរោគយ៉ាងលឿនតាមលាមក ដោយបង្កើតលក្ខខណ្ឌដ៏ល្អសម្រាប់ការរីករាលដាលបន្ថែមទៀតនៃជំងឺគ្រុនស្វិតដៃជើង"។

កាលពីខែកញ្ញា និងខែតុលា ឆ្នាំមុន WHO បានចាក់វ៉ាក់សាំងចំនួនពីរជុំនៅទូទាំងតំបន់ហ៊ុមព័ទ្ធនេះ ដែលឈានដល់ជាង ៩៥% នៃកុមារគោលដៅ។ មេរោគនៅតែចរាចរក្នុងដែនដីនេះ ដែលមានន័យថានៅតែអាចចម្លងដល់កុមារដែលមិនទាន់ចាក់វ៉ាក់សាំង។ WHO បានបន្ថែមថា សំណាកចំនួន៦ ត្រូវបានធ្វើតេស្តវិជ្ជមាននៃមេរោគនេះក្នុងខែធ្នូ និងខែមករា។

ទោះបីជាមានភាពប្រសើរឡើងលើការចូលសម្រាប់បុគ្គលិកសុខាភិបាលចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី១៩ ខែមករាក៏ដោយ ក៏តំបន់មួយចំនួនមិនអាចចូលទៅបានដោយសារតែការប្រយុទ្ធគ្នានៅពេលនោះ។ WHO លើកឡើងថា កុមារ ៧.០០០នាក់ បានខកខានការចាក់វ៉ាក់សាំងនៅជំរំ Jabalia និង Beit Lahiya រួមទាំងតំបន់ Beit Hanoun៕