ប្រភពក្នុងតំបន់បាននិយាយថា ការផ្ទុះអាវុធបានកើតឡើងនៅក្នុងទីប្រជុំជនព្រំដែន អ៊ូវីរ៉ា (Uvira) ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃពុធ (១៩ កុម្ភៈ) ខណៈការប៉ះទង្គិចគ្នាបានកើនឡើងខ្លាំងក្នុងចំណោមកងកម្លាំងសម្ព័ន្ធមិត្ត ស្របពេលមានការវាយរុលទៅមុខនៃក្រុមឧទ្ទាម M23 គាំទ្រដោយប្រទេសរ្វ៉ាន់ដា។

អ្នកស្រុក និងមន្ត្រីបានពណ៌នាអំពីទិដ្ឋភាពដ៏វឹកវរនៃការលួចប្លន់ សាកសពអ្នកស្លាប់រាយប៉ាយនៅតាមផ្លូវ ហើយទាហានរដ្ឋាភិបាលបានបញ្ជាទូកដើម្បីជម្លៀសខ្លួនឆ្លងកាត់បឹង Tanganyika ខណៈអ្នកទោសនៅពន្ធនាគារក្នុងតំបន់ក៏រត់គេចខ្លួនអស់ផងដែរ។

ក្រុមឧទ្ទាម M23 បាននិងកំពុងសម្រុកទៅភាគខាងត្បូងឆ្ពោះទៅកាន់ទីក្រុង Uvira ដែលមានព្រំប្រទល់បឹងមួយជាមួយប្រទេសប៊ូរុនឌី ចាប់តាំងពីពួកគេបានដណ្តើមយកទីក្រុង Bukavu កាលពីចុងសប្តាហ៍មក - ដែលជាការខាតបង់ធ្ងន់ធ្ងរបំផុតសម្រាប់កុងហ្គោ ចាប់តាំងពីការដួលរលំនៃទីក្រុងធំជាងគេក្នុងតំបន់ Goma នៅចុងខែមករា។

ក្រុមសកម្មប្រយុទ្ធនេះ រាយការណ៍ថាបានខ្លួនចូលទៅក្នុងទីប្រជុំជន Kamanyola កាលពីថ្ងៃអង្គារ ដោយបង្កឱ្យមានការភ័យស្លន់ស្លោនៅក្នុងតំបន់ព្រំដែន Uvira ចម្ងាយ ៨០គីឡូម៉ែត្រ ទៅភាគខាងត្បូង។ ប្រភពមនុស្សធម៌និយាយថា មានសាកសពជាច្រើនរាយប៉ាយតាមដងផ្លូវ ហើយសាកសពប្រហែល ៣០នាក់ កំពុងនៅក្នុងទីតម្កល់សពរបស់ទីក្រុង ហើយមនុស្សជាង ១០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរបួសធ្ងន់ធ្ងរពីអំពើហិង្សានេះ៕