រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi)បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែស្វែងរកវិធីត្រឹមត្រូវដើម្បីចុះសម្រុងគ្នា។

លោក Wang បាននិយាយក្នុងអំឡុងសន្ទនាជាមួយក្រុមអ្នកតំណាងសង្គមអាមេរិកនៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែអនុវត្តតាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងស្វែងរកផ្លូវត្រឹមត្រូវសម្រាប់ប្រទេសធំៗទាំងពីរក្នុងការចុះសម្រុងគ្នាជាមួយគ្នា។

ប្រមុខការទូតចិនរូបនេះបានកត់សម្គាល់ថា ប្រទេសចិន និងសហរដ្ឋអាមេរិក មានផលប្រយោជន៍រួមដ៏ធំ ហើយមានកន្លែងធំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ។
លោកថាភាគីទាំងពីរគួរតែគោរពគ្នាឲ្យបានខ្ជាប់ខ្ជួនចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ពង្រឹងទំនាក់ទំនង កសាងទំនុកចិត្ត ការពារការរំខាន និងជម្នះឧបសគ្គ ដើម្បីឲ្យទំនាក់ទំនងចិន-អាមេរិក អាចដំណើរការទៅមុខកាន់តែប្រសើរ និងប្រកបដោយស្ថិរភាព។

ការលើកឡើងរបស់ប្រមុខការទូតចិន ពេលនេះបានកើតឡើងខណៈអាមេរិកក្រោមការដឹកនាំរបស់លោកTrump បានដំឡើងពន្ធលើមុខទំនិញផលិតដោយប្រទេសចិនចូលក្នុងសហរដ្ឋអាមេរិក ។ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារ១៨កុម្ភៈសប្ដាហ៍នេះ នៅឯអង្គការពាណិជ្ជកម្មពិភពលោក WTO ថា ការដំឡើងពន្ធដែលបានគំរាមកំហែង ឬដាក់រួចហើយដោយប្រធានាធិបតីអាមេរិក Donald Trump ដុតបញ្ឆេះហានិភ័យនៃអតិផរណា ការបង្ខូចទ្រង់ទ្រាយទីផ្សារ និងសូម្បីតែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក៕