សម្ព័ន្ធយោធាណាតូប្រឈមការផ្លាស់ប្តូរបញ្ច្រាសទិស បន្ទាប់ពីអនុប្រធានាធិបតីអាមេរិកលោក JD Vance បានព្រមានថាអឺរ៉ុប ត្រូវតែបង់ប្រាក់ថ្លៃសន្តិសុខដោយខ្លួនឯង ដែលនាំឲ្យមានការព្រមានពីឧស្សាហកម្មការពារជាតិឈានមុខគេរបស់ចក្រភពអង់គ្លេស។

លោក Charles Woodburn នាយកប្រតិបត្តិនៃក្រុមហ៊ុនផ្នែកអវកាស ការពារជាតិ និងសន្តិសុខព័ត៌មាន BAE Systems របស់អង់គ្លេសបាននិយាយថា ឧស្សាហកម្មការពារជាតិបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនផលិតកម្ម ដើម្បីទប់ស្កាត់ការគំរាមកំហែងពីរុស្ស៊ី ទោះបីជាលោកបាននិយាយថា រដ្ឋាភិបាលជាច្រើនពុំទាន់បានអនុវត្តតាមការសន្យាក្នុងការបង្កើនការចំណាយយោធាក៏ដោយ។

ការអត្ថាធិប្បាយរបស់លោកកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Vance អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានក្រុមមេដឹកនាំអឺរ៉ុបថាពួកគេត្រូវតែបង្កើនការចំណាយលើការផលិតអាវុធឡើងវិញ។
លោក Woodburn បាននិយាយថា ប្រការនេះធ្វើឲ្យមានអារម្មណ៍ថាដូចជាការផ្លាស់ប្តូរយ៉ាងខ្លាំងបំផុត និងជាភាពប្រែប្រួលបញ្ច្រាសទិសមួយផងដែរ។

ក្នុងលក្ខខណ្ឌនៃរបៀបដែលស្ថានភាពវិវឌ្ឍទៅមុខ ទាក់ទងនឹងការគិតរបស់ប្លុកអឺរ៉ុប ការឆ្លើយតបរបស់អង្គការណាតូ និងអ្វីដែលតម្រូវឲ្យប្លុកនេះត្រូវធ្វើសម្រាប់គោលបំណងរបស់ខ្លួន លោកគិតថាពួកលោកនឹងដឹងបន្ថែមទៀតក្នុងពែលពីរ-បីខែខាងមុខនេះ។
ជម្លោះពាក្យសម្ដីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប បានកើនឡើង បន្ទាប់ពីប្រធានាធិបតីលោក Donald Trump ត្រូវបានចោទប្រកាន់ថាបានដកទីក្រុង Kyiv និងទ្វីបនេះ ចេញពីកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមដែលនឹងឈានដល់ឆ្នាំទី៤នៃសង្រ្គាម រុស្ស៊ី អ៊ុយក្រែន នៅសប្ដាហ៍ក្រោយ៕